ខេត្តបន្ទាយមានជ័យ៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៥ នេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះពិនិត្យការងារបង្កបង្កើនផល និងការងារអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តបន្ទាយមានជ័យ ។
លោកស្រីរដ្ឋេលខាធិការ បានថ្លែងឱ្យដឹងនៅក្នុងពេលចុះពិនិត្យការងារថា ដំណាំស្រូវរដូវវស្សានៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាកសិករប្រមូលផលរួចរាល់ជាស្ថាពរហើយ ដោយសម្រេចបាន ១០០ ភាគរយ នៃផ្ទៃដីផលិតបានចំនួន ២៤៦.០២១ ហិកតា ។ លោកស្រីបន្តថា នាពេលកន្លងមក ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល បានធ្វើឱ្យផ្ទៃដីដំណាំស្រូវវស្សាប្រមាណ ៤៥.០០០ ហិកតា នៅក្នុងខេត្តមួយនេះ ទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ។ ប៉ុន្តែផ្ទៃដីប៉ះពាល់ទាំងនេះ ត្រូវបានសង្គ្រោះទាំងស្រុង តាមរយៈការបង្វែរទឹកមកជួយពីខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង ការប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមជាច្រើនគ្រឿង រួមជាមួយនឹងរបបទឹកភ្លៀងធ្លាក់ជាបន្តបន្តាប់នៅចុងរដូវវស្សា ។
លោកស្រីរដ្ឋលេខាធិការ បានបន្តទៀតថា ចំណែកការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងវិញ មកដល់ពេលនេះ ប្រជាកសិករ ដាំដុះបានចំនួន ២៣.៦១០ ហិកតា ស្មើនឹងប្រមាណ ១៩៦ ភាគរយ នៃផែនការដែលបានដាក់ចុះ ។ ទន្ទឹមនឹងការដាំដុះបានលើសផែនការកំណត់រហូតទៅដល់ជាង ១០.០០០ ហិកតា នេះ តំបន់មួយចំនួនក៏បាន និងកំពុងប្រឈមនឹងកង្វះខាតទឹក ទាំងទឹកសម្រាប់ផ្គត់ផ្គង់ស្រូវប្រាំង និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ពិសេសក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ដែលទាមទារឱ្យយើងបន្តបង្វែរទឹកពីស្រុកបវេល ក្នុងខេត្តបាត់ដំបង និងពីស្ទឹងសិរីសោភ័ណ មកផ្គត់ផ្គង់បន្ថែម ។
តាមរយៈការបង្វែរទឹកពីប្រភពផ្សេងៗ និងការប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ មកដល់ពេលនេះ គឺយើងអាចធានាបាននូវការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិកររហូតដល់ចប់ចុងចប់ដើម និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃបានមួយកម្រិតធំ ៕
ដោយ៖ សុខ ខេមរា