ខេត្តស្ទឹងត្រែង៖ អាស្រមតម្កល់ព្រះពុទ្ធរូបមួយខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅវេលាម៉ោង៨យប់ ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។
បើតាមការឲ្យដឹងពីលោកជិន រតនា នាយរងប៉ុស្តិ៍អន្លង់ជ្រៃ បានឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែឧសភានេះថា អាស្រមត្រូវភ្លើងឆេះខាងលើ មានទំហំទទឹង៥ម៉ែត្រ និងបណ្តាយ៧ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្កសីបាំងក្តារ និងក្រាលក្តារដែលមានម្ចាស់ឈ្មោះចែម សង្វារ ភេទប្រុសអាយុ ៦៧ឆ្នាំ រងការខូចខាតទាំងស្រុង ក្នុងនោះមានព្រះពុទ្ធរូបធំ១អង្គ ព្រះពុទ្ធរូបតូចៗចំនួន ១៦អង្គ និងថូផ្កាឈើចំនួន២គូ។
នាយរងប៉ុស្តិ៍បានបន្តថា ដោយសារចម្ងាយផ្លូវពីអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ទៅទីតាំងកើតហេតុខាងលើឆ្ងាយ ប្រហែលជា៧០គីឡូម៉ែត្រ កម្លាំងអធិការស្រុក មានការលំបាកក្នុងការធ្វើអន្តរាគមន៍ យករថយន្តពន្លត់អគ្គីភ័យជួយ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍អន្លង់ជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ បានទំនាក់ទំនងទៅអធិការដ្ឋាននគរបាលស្រុកឆែប នៃខេត្តព្រះវិហារ មកជួយធ្វើអន្តរាគមន៍ពន្លត់ ព្រោះកន្លែងកើតហេតុ នៅជាប់ព្រំប្រទល់គោលដៅជាប់គ្នាជាមួយនោះក៏បានប្រើប្រាស់ទឹកអស់មួយរថយន្តទើបរលត់។
លោកបញ្ជាក់ថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍អន្លង់ជ្រៃ បានចុះសើុបអង្កេតរកមូលហេតុដើមចម ពីម្ចាស់អាស្រមខាងលើ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះរ៉ា រាត់ ភេទប្រុសអាយុ២៨ឆ្នាំ ជាកម្មកររបស់ម្ចាស់អាស្រមខាងលើផ្ទាល់ ព្រោះមានការខឹងសម្បានឹងម្ចាស់អាស្រមខាងលើ ឈ្មោះចែម សង្វារ ដោយប៉ះពាក្យសម្ដីគ្នា បន្តិចបន្តួច មិនខុសអីពីឪពុកនិងកូនជេរស្តី បន្តិចបន្តួចនោះទេ ទើបឈានដល់ជនសង្ស័យខាងលើខឹងក៏ទាញដែកកេះទៅដុតអាស្រមនោះតែម្តង។
បច្ចុប្បន្នជនសង្ស័យបង្កហេតុខាងលើត្រូវបានបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ដើម្បីកសាងសំណុំរឿងនឹងបញ្ជូនបន្ត ទៅស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនិីតិវិធីច្បាប់៕ដោយ៖មាស សុផាត