ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន មន្ដ្រីជំនាញរដ្ឋបាលជលផលខណ្ឌ ផ្នែក សង្កាត់ អាវុធហត្ថខេត្ត យោធាសឹករងខេត្ត បរិស្ថាន សហគមនេសាទសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលនៅស្រុកបាកាន ។
ប្រតិបត្តិការសមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទខាងលើ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅបឹងទន្លេសាបត្រង់ចំណុចមាត់ពាម ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពពីកម្លាំងចម្រុះបានឱ្យដឹងថា លទ្ធផលក្នុងការបង្ក្រាបបទល្មើសនេសាទប្រភេទឧបករណ៍ខុសច្បាប់ស្ដីពីជលផលខាងលើ រួមមាន បរចំនួន ៨ខ្សែ មានប្រវែង ១០៥០ម៉ែត្រ, បង្គោលចំរ៉ឹងចំនួន ៥១៦ដើម ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង និងចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ៣៥គីឡូក្រាម ហើយរឹបអូសក្បាលបរចំនួន ៨គ្រឿង យកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលដីរនាត ។
ប្រភពខាងលើបន្តទៀតថា ប្រតិបត្ដិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ កម្លាំងកំពុងធ្វើការបង្ក្រាបបន្តនៅឡើយ លទ្ធផលនៅមានជាបន្តបន្ទាប់ទៀត ៕
ដោយ៖ ប៉ឹម ពិន