ភ្នំពេញ៖ ដើម្បីចូលរួមកាត់បន្ថយអត្រា នៃការគ្រោះថ្នាក់ចរាចរ កម្លាំងសមត្ថកិច្ចចម្រុះរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្តដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លើយានជំនិះគ្រប់ប្រភេទ ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា៖ចាប់ពីម៉ោង៧និង០០នាទីរហូតដល់ម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងជំនាញបានបន្តការអនុវត្តន៍រឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយបង្កើនចំនួនទឹកប្រាក់ នៃការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ជាក់ស្តែងឃាត់យានជំនិះគ្រប់ប្រភេទ បានចំនួន ១១គ្រឿងក្នុងនោះមាន៖ ម៉ូតូចំនួន០៨គ្រឿង មិនពាក់មួកសុវត្ថិភាព ,រថយន្តធុនស្រាលចំនួន ០៣គ្រឿង អត់ពាក់ខ្សែក្រវ៉ាត់ ០២គ្រឿង ,ប័ណ្ណបើកបរហួសសុពលភាព ០១គ្រឿង។
គួបញ្ជាក់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុក កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។
មុននឹងចាប់ផ្តើមអនុវត្តន៍នូវការរឹតបន្តឹងច្បាប់នេះ មន្ត្រីនគរបាលចរាចរណ៍បានធ្វើការផ្សព្វផ្សាយអស់ពេលមួយរយៈកន្លងមកហើយ៕ដោយ៖ចន្ទ លីហ្សា