ត្បូងឃ្មុំ៖ លោក អូស្មាន ហាស្សាន់ បានធ្វើការណែនាំឲ្យបងប្អូនខ្មែរឥស្លាមទំាងអស់ត្រូវចូលរួមគោរពច្បាប់ចរាចណ៏ជើងគោកថ្មី ជាមួយរាជរដ្ឋាភិបាល ដើម្បីការពារអាយុជីវិត និងកាត់បន្ថយភាពក្រីក្រ ច្បាប់ចរាចរណ៏ តម្រូវឲ្យបងប្អូនក្នុងពេលធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព គ្រប់ម៉ូតូត្រូវមានកញ្ចក់ ស្លាកលេខ និងមានឯកសារផ្សេងៗ ឲ្យបានគ្រប់គ្រាន់ បើទោះបីបងប្អូនឥស្លាមតាមទម្លាប់ ត្រូវទទូ កន្សែង ឬពាក់កន្ដឹប នោះក៏ដោយ តែក៏ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នាៗ ។ បងប្អូនត្រូវតែកែទម្លាប់ ដោយគោរពតាមច្បាប់ នៃប្រទេសជាតិ នោះសហគមន៏ និងមានសុខដុមរមា។លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បែបនេះ ក្នុងខណៈដែលលោកចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនំាឥស្លាមប្រមាណជាង ២០០នាក់ នៅក្រុងសួង និងស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នំា២០១៦ ។
លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីការផ្តល់ជូន និងការដោះទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋទូទៅ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងពេលថ្មីៗនេះ ដូចជា លប់ចោលនូវការធ្វើប័ណ្ណបើកបរម៉ូតូដែល មានកម្លាំងចាប់ពី ១២៥សេសេចុះក្រោម, ទម្លាក់តម្លៃបណ្ណបើកបររថយន្តចុះពាក់កណ្តាល, អនុញ្ញាតឲ្យម្ចាស់យានយន្តចង្កូតស្តាំ ទៅបង់ពន្ធដោយមិនចាំបាច់កែចង្កូត, អត់ឲ្យបង់ថ្លៃការផ្ទេរមរតកអចលនទ្រព្យ ពីជីដូន-ជីតា ទៅចៅ ពីប្តីទៅប្រពន្ឋ ពីឪពុកម្តាយទៅកូន និងបានយកមកវិញនូវផ្លួវវេងស្រេង និង ចុងក្រោយបានយកផ្លូវជាតិលេខ៤ មកក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ គឺប្រជាពលរដ្ឋអស់ព្រួយបារម្ភ ពីការចំណាយប្រាក់កាស និងការប្រកាសដ៏សំខាន់មួយទៀត របស់សម្តេចថា ចាប់ពីខែមេសា ឆ្នាំ២០១៧ ទៅ បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់អគ្គិសនីអស់ចាប់ ៥០គីឡូវ៉ាត់ម៉ោង ចុះ នឹងត្រូវបង់ថ្លៃភ្លើងក្នុង ១គីឡូវ៉ាត់ម៉ោងតែ ៦១០រៀលប៉ុណ្ណោះ។
លោក អូស្មាន ហាស្សាន់ បានបន្តថា៖ កាដូរទាំងអស់របស់សម្តេចខាងលើ គឺផ្តល់ជូនទៅដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលទាំងអស់គ្នាសុទ្ធតែបានទទួលផលប្រយោជន៍ដូចៗគ្នា ដោយផ្ទាល់ និងដោយប្រយោល។ លើសពីនេះទៅទៀត សម្រាប់ពលរដ្ឋខ្មែរឥស្លាម ក៏បានទទួលកាដូរ ពិសេសថែម ទៀតនោះគឺ គ្រូបង្រៀនឥស្លាមកម្ពុជាចំនួន១៥០០នាក់ត្រូវ បានសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី លោកបានសម្រេច បញ្ចូលក្នុងក្របខណ្ឌ ជាគ្រូបង្រៀនរបស់រដ្ឋ ដោយទទួលបានប្រាក់បៀរវត្សរ៍របស់រដ្ឋ នេះជាបង្ហាញ ពីការគិតគូយកចិត្ដទុកដាក់ខ្ពស់ របស់សម្តេចចំពោះពលរដ្ឋទាំងអស់ដោយគ្មានការរើសអើង អ្វីឡើយ ៕ ដោយ៖ សំរិត