កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោកមានបញ្ហាសុខភាព បានសំងំព្យាបាលជំងឺបេះដូងរបស់លោក និងម្យ៉ាងវិញទៀត ការចាកឆ្ងាយពីក្រសែរភ្នែករបស់សារធាណជននេះ គឺដោយសារលោកព្រួយបារម្ភពីជំងឺឆ្លងថ្មីកូវីដ–១៩ ។ ប៉ុន្តែកាលពីថ្មីៗនេះលោក គីម បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅក្នុងកិច្ចប្រជុំយោធាមួយ ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ គឺស្ដីពីគោលនយោបាយថ្មីសម្រាប់បង្កើនការទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើង និងការដាក់កងកម្លាំងប្រដាប់អាវុធជាយុទ្ធសាស្រ្ដដើម្បីឲ្យមានប្រតិបត្ដិការប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានក៏បានបញ្ចេញនូវរូបភាពរបស់លោក គីម ពេលកំពុងធ្វើបទបង្ហាញ និងពេលកំពុងនិយាយទៅកាន់មន្ដ្រីយោធាជាច្រើនរូបផងដែរ។
សូមជម្រាបថា មេដឹកនាំកូរ៉េខាងជើងវ័យ៣៦ឆ្នាំរូបនេះ មិនបានបង្ហាញខ្លួនអស់ជាច្រើនសប្ដាហ៍ មុនពេលលេចមុខជាសារជាថ្មីក្នុងពិធីបើកសម្ពោធរោងចក្រជីមួយនៅទីក្រុង Sunchon កាលពីថ្ងៃទី១ ដើមខែឧសភាកន្លងទៅ ខណៈដែលមានពាក្យចចាមអារ៉ាមថាលោកមានបញ្ហាសុខភាព ៕ដោយ៖ស តារា