ភ្នំពេញ៖ ទីបំផុតតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីម្នាក់ ឈ្មោះ ដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ។ នេះគឺជាពាក្យបណ្តឹងលើកដំបូងដែលត្រូវបានផ្សព្វផ្សាយ ក្រោយពីតារាស្រីរូបនេះបានធ្វើការ ផ្សាយផ្ទាល់(Live ) តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់អ្នកនាងអស់រយៈពេលជាច្រើនថ្ងៃដោយមានទាំងការបើកកកាយរឿងអតីតស្វាមី រួមទាំងទំនាស់ពាក្យសម្តីជាមួយអ្នកក្នុងនិងក្រៅសិល្បៈមួយចំនួន។
ជារឿងភ្ញាក់ផ្អើលជាថ្មីក្រោយពីពាក្យបណ្តឹង លើតារាចម្រៀងលំដាប់ជួរមុខត្រូវបានដល់ដៃមន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញ។ បើតាមក្នុងពាក្យបណ្តឹង ដាក់ចូលតុលាការកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ស្ត្រី ឈ្មោះរស់ សោភ័ណ្ឌដែលទំនងជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍ មួង ឃីម ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានប្តឹងលើតារាចម្រៀងរូបនេះពីបទបរិយាកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យប្តឹង។ កាន់តែភ្ញាក់ផ្អើលគឺបណ្តឹងនោះទាមទារសំណងជំងឺចិត្ត លើសំណងត្រឹម ១០០រៀល និងសុំឲ្យចោទប្រកាន់ ផ្តន្ទាទោសតាមច្បាប់ និងសុំឲ្យប្រកាសសុំទោសលើបណ្តាញសង្គមហ្វេសបុកជាសាធារណៈ។ យោងតាមពាក្យបណ្តឹងដែលនគរវត្តទទួលបានបានលើកឡើងថា ពាក្យបណ្តឹងនេះធ្វើឡើងក្រោយពីតារាចម្រៀងម៉េង កែវពេជ្ជតា បានធ្វើការផ្សាយផ្ទាល់វិដេអូលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ដោយបានវាយប្រហាអ្នកនាង រស់ សោភ័ណ្ឌ និងគ្រួសារ ដែលដើមបណ្តឹងចាត់ទុកថាអ្នកនាងម៉េង កែវពេជ្ជតា បានបំភ្លើសការពិត និងប្រឌិតជារឿងទម្លាក់កំហុសមកលើរូបអ្នកនាងនិងគ្រួសារ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយបាននៅឡើយទេពីតារាចម្រៀងម៉េង កែវពេជ្ជតា។ ទោះជាយ៉ាងណាការLive វិដេអូផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះអ្នកនាងម៉េង កែវពេជ្ជតាបានប្រកាសស្វាគមន៍ នូវរាល់ពាក្យបណ្តឹងពីអតីតស្វាមី និងគូទំនាស់។ អ្នកនាងប្រកាសដែរថានឹងមិនមានជនណាម្នាក់ជួយនាងនៅពីក្រោយខ្នងនោះដែរ ហើយនាងជឿជាក់ថានាងនឹងឈ្នះលើពាក្យបណ្តឹងទាំងអស់ព្រោះតែការបញ្ជាក់របស់នាងលើបណ្តាញសង្គមទាំងអស់គឺជារឿងពិត។
គួរបញ្ជាក់ដែរថាផ្តើមចេញពីការLiveវីដេអូ ថ្ងៃបុណ្យអ្នកម្តាយកាលពីដើមសប្តាហ៍នេះ អ្នកស្រី ម៉េង កែវពេជ្ជតា បានរៀបរាប់អំពីជីវិតដែលប្រឹងប្រែងរស់ និងភាពតស៊ូដើម្បីកូនប្រុសស្រីក្រោយលែងលះស្វាមីលោកឧត្តមសេនីយ៍ឯក មួង ឃីម។ គាប់ជួនមានគណនីយមួយបានចូលទៅបញ្ចេញយោបល់(Comment) អំពីរឿងប្រាក់ដែលបានពីការលែងលះគ្នាធ្វើឲ្យអ្នកស្រី មិនពេញចិត្ត និងចាប់ផ្តើមបើកកកាយរឿងជូរចត់ និងអយុត្តិធម៌គ្រាដែលរួមរស់ជាមួយអតីតស្វាមី និងក្រោយពេលលែងលះ៕
ដោយ វឌ្ឍនា