ភ្នំពេញ៖ ក្រសួងមហាផ្ទៃចេញសេចក្ដីសម្រេច ស្ដីពី ការបង្កេីតក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពរ (Comment) របស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នេះបើយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលអង្គភាព «នគរដ្រេហ្គន» ទទួលនៅរសៀលថ្ងៃទី១៧ ខែមិថុនានេះ។
ក្នុងនោះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពរ (Comment) របស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) របស់សម្ដេចក្រឡាហោម ស ខេង មានចំនួន១១រូប ដោយប្រធាន១រូប អនុប្រធាន៥រូប និងសមាជិក៥រូប។
ក្រុមការងារនេះមានភារកិច្ច៖ ដកស្រង់ មតិយោបល់ និងសំណូមពរ (Comment) របស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក (Facebook page) របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យសម្តេចជ្រាប ឬពិនិត្យ និងស្នើសុំមតិឹដឹកនាំដ៏ខ្ពង់ខ្ពស់។ ចាត់បញ្ជូនឯកសារតាមចំណារដ៏ខ្ពស់ខ្ពស់របស់សម្តេចក្រឡាហោម ទៅបណ្តាអគ្គ-នានា ឬអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងដោះស្រាយតាមសមត្ថកិច្ច។ តាមដាន ឬជម្រុញការដោះស្រាយ និងទទួលរបាយការណ៍លទ្ធផលពីបណ្តាអគ្គ-នានា ឬអង្គភាពពាក់ព័ន្ធត្រឡប់មកវិញ ដើម្បីគោរពជូន សម្តេចក្រឡាហោម ជ្រាប ឬពិនិត្យ និងស្នើសុំមតិដ៏ខ្ពង់ខ្ពស់៕
ដោយ៖ សុខ ខេមរា