កូរ៉េខាងជើងបានដំឡើង ឧបករណ៍បំពងសំឡេងតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូង ក្រោយពេលប្រទេសទាំងពីរ បានសម្រេច ដកចេញពីទីនោះកាលពីឆ្នាំ២០១៨ តាមកិច្ចព្រមព្រៀង ក្រោយជួបពិភាក្សាគ្នា ។
សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ៖ កូរ៉េខាងជើង បានរៀបចំ ឧបករណ៍បំពងសំឡេង ជាច្រើននៅតំបន់ព្រំដែនគ្មានយោធា។ កាលពីឆ្នាំ២០១៨ កូរ៉េខាងជើង បានដោះឧបករណ៍ទាំងនោះ ចំនួន៤០ កន្លែងចេញហើយឈប់ឃោសនាតាមកិច្ចព្រមព្រៀង ។
នៅពេលនេះដែរ មន្ត្រីជាន់ខ្ពស់ ក្នុងជួរគណៈទីបញ្ជាការកម្លាំងទាហានកូរ៉េខាងត្បូងបានឲ្យដឹងថា«យើងបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតរាល់សកម្មភាពប្រែប្រួលរបស់កូរ៉េខាងជើង ក្នុងការធ្វើសង្គ្រាម ចិត្តសាស្ត្រ» ។ កូរ៉េខាងត្បូង បានត្រៀមលក្ខណះរួចរាល់ដើម្បីទប់ទល់រាល់ស្ថានភាពអាក្រក់ ដែលអាចកើតឡើង។
នៅពេលនេះដែរកូរ៉េខាងជើងក៏បានត្រៀមបង្ហោះខិត្តប័ណ្ណ១២លានសន្លឹកចូលទៅកាន់ទឹកដីកូរ៉េខាងត្បូង ដែលជាការសងសឹកទៅលើទីក្រុងស៊េអូល ដែលបំពានកិច្ចព្រមព្រៀង ទុកឲ្យពលរដ្ឋបង្ហោះប៉េងប៉ោង នាំអាហារមកកាន់កូរ៉េខាងជើង ។ ហេតុការណ៍នោះបានធ្វើឲ្យទីក្រុងព្យុងយ៉ាងសម្រេចបំផ្ទុះ ការិយាល័យទំនាក់ទំនងតែម្តង ៕
ដោយ៖ ធី រីណា