ក្រុមបិសាចក្រហម Manchester United បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ១/៤ ក្រោយពីបាន យកឈ្នះក្រុម Norwich City ក្នុងម៉ោងបន្ថែមដោយលទ្ធផល ២ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មិថុនានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអាទិត្យនេះ។
កីឡាករ Harry Maguire បានរកគ្រាប់បាល់បញ្ចូលទីនៅម៉ោងបន្ថែម ខណៈដែលក្រុម Manchester United បាននាំរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះដោយកីឡាករ Ighalo នៅនាទីទី៥១ ប៉ុន្តែនៅនាទីទី៧៥ កីឡាករ Todd Cantwell របស់ក្រុម Norwich City បានរកគ្រាប់បាល់សងវិញមួយគ្រាប់ធ្វើឲ្យលទ្ធផល ស្មើគ្នា១ទល់១។
លទ្ធផលស្មើគ្នានេះបន្តរហូតដល់ចប់ការប្រកួត៩០នាទី ទោះបីក្រុមទាំងពីរព្យាយាមរកគ្រាប់បាល់ក៏ដោយ។ ពេលនោះអាជ្ញាកណ្តាលឲ្យបានបន្ថែមម៉ោង១៥នាទី២ដងដើម្បីឲ្យក្រុមទាំងប្រកួតរកគ្រាប់បាល់ឈ្នះ ចាញ់។ ចូលដល់ម៉ោងបន្ថែមនាទីទី១១៨ ខ្សែការពារ Harry Maguire បានរកគ្រាប់បាល់បាន១គ្រាប់ ធ្វើឲ្យក្រុមបិសាចក្រហមយកឈ្នះក្រុមម្ចាស់ផ្ទះដោយលទ្ធផល ២ទល់១ សម្រាប់ពានរង្វាន់ FA Cup រដូវកាល២០១៩-២០២០នេះ។
លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ៣ក្នុងរយៈពេល៥ រដូវកាល ហើយពានរង្វាន់FA Cup នេះក្រុមបិសាចក្រហមធ្លាប់ឈ្នះ១២ដងរួចមកហើយ ។
សូមបញ្ជាក់ថា ការប្រកួតដណ្តើមកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ពានរង្វាន់ FA Cup នេះមាន៣គូទៀតគឺក្រុម Sheffield United ប៉ះជាមួយក្រុមកាំភ្លើងធំ Arsenal រីឯក្រុមចចកកំណាច Leicester Cityប៉ះជាមួយក្រុមតោខៀវ Chelsea ក្រុមទាំង៤នឹងត្រូវប្រកួតនៅថ្ងៃទី២៨ មិថុនានេះ វេលាម៉ោង៧និងម៉ោង១០យប់។ ដោយឡែកក្រុមម្ចាស់ផ្ទះ Newcastle United ត្រូវប៉ះជាមួយក្រុម មេឃខៀវ Manchester City ដែលជាអតីតម្ចាស់ជើងឯកចាស់ នៅថ្ងៃទី២៩ មិថុនា វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ៕
ដោយ៖ ភារៈ