រថយន្ត២គ្រឿងបើខ្វះការអធ្យាស្រ័យគ្នា ដល់ផ្លូវបំបែកជាបួន បុកគ្នាពេញ ទំហឹងក្រឡាប់ផ្ងារជើងតែម្តង

ចែករំលែក៖

ភ្នំពេញ៖ បុរស ៤នាក់ស្ថិតក្នុងរថយន្ត តូយូតា ព្រូស មួយគ្រឿង បើកក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ផ្លូវបំបែកជាបួនក៏បានជ្រុលទៅប៉ះគ្នាជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងទៀតបណ្ដាល ក្រឡាប់ជាច្រើនត្រឡប់រងការខូចខាតស្ទើរតែទាំងស្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 1 រំលងអធ្រាត្រឈានចូល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបែកជាបួនស្ថិតនៅតាមដងផ្លូវលេខ១៦៩ កែងផ្លូវលេខ៦១៩ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលកើតហេតុ គឺគាត់បានឃើញរថយន្តមួយគ្រឿង ម៉ាក តូយ៉ូតា ព្រូស ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២BF-៥៨៤៨ ដែលបើកបរដោយ បុរស១ម្នាក់រួមដំណើរ៣នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦១៩ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿង ម៉ាក តូយ៉ូតា ហ្វធុនន័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AR-៩៨៩៤ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៩ ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿនដូចគ្នា ។
ដោយម្ចាស់រថយន្តទាំង២គ្រឿង បើកបរមិនមានការអធ្យាស្រ័យគ្នា ក៏ជ្រុលទៅប៉ះគ្នាពេញទំហឹង បណ្ដាលឲ្យ រថយន្ត ហ្វធុនន័រ ក្រឡាប់ជាច្រើនជុំ ផ្ងារជើងជ្រមេឃ ភ្លាមនោះបុរស ទាំង៤នាក់ បានប្រញ៉ាប់ប្រញ៉ាល់ ឡើងជិះកង់បី រត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌដូនពេញ បានចុះមកដល់ចំណុចកើតហេតុ និង បានទំនាក់ទំនងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ សតារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print