ក្រោយ​រកឃើញ​ត្បូងថ្ម​​Tanzanite បានចំនួនពីរ​ដុំ បុរស​តង់​ហ្សា​នី​ម្នាក់ដែលមាន​ភរិយា​៤​នាក់ ក្លាយជា​មហាសេដ្ឋី

ចែករំលែក៖

អន្តរជាតិ៖ ​ក្រសួង​រ៉ែ​តង់​ហ្សា​នី បាន​ទិញ​ត្បូងថ្ម​ទម្ងន់​សរុប​១៥​គីឡូក្រាម​ពី​លោក Saniniu Laizer ​ដែលជាអ្នកប្រកប​អាជីវកម្ម​រុករក​រ៉ែ​ខ្នាតតូច​ម្នា​ក់ នៅ​តង់​ហ្សា​នី ក្នុងតម្លៃ​៣.៤​លាន​ដុល្លារ​អាមេរិក​ បន្ទាប់ពីកូនជាងរបស់គាត់បាន​រកឃើញ​ត្បូងថ្ម Tanzanite ចំនួនពីរ​ដុំ ដ៏​ធំ​បំផុត​ក្នុងប្រទេស​។ នេះ​បើតាម​ការផ្សាយ​របស់សារព័ត៍មាន BBC កាលពីថ្មីៗនេះ ។

បុរសតង់​ហ្សា​នី បាន​ក្លាយជា​មហាសេដ្ឋី​ភ្លាមៗ ខណៈរកឃើញTanzanite ជា​ប្រភេទ​ត្បូងថ្ម​ដ៏​កម្រ​បំផុត​នៅលើ​លោក ហើយ​ធ្លាប់​ត្រូវបាន​រកឃើញ​កន្លងមក​នៅ​ភាគ​ខាងជើង​ប្រទេស​តង់​ហ្សា​នី ។ ត្បូងថ្ម​នេះ ត្រូវយក​ច្នៃ​យក​ធ្វើជា​គ្រឿងអលង្ការ​ប្រណីត​នានា ហើយ​ភូ​គ​ព្ភ​វិទូ​ម្នាក់ បាន​ប៉ាន់ប្រមាណ​ថា វា​អាច​ប្រឈម​បាត់បង់​ទាំងស្រុង​នា​រយៈពេល​២០​ឆ្នាំ​ខាងមុខ​។​ ដោយត្បូង​ដ៏​កម្រ​នេះ មានតម្លៃ​ខុសៗ​គ្នា​ទៅតាម​ពណ៌​បៃតងក្រហម ស្វាយ និង​ខៀវ ហើយ​ការកំណត់​តម្លៃ​ក៏​ធ្វើតាម​ពណ៌ និង​ភាព​ភ្លឺ​ច្បាស់​របស់​វា​ផងដែរ​។

​លោក Laizer បាន​រកឃើញ​ត្បូង Tanzanite ទាំងពីរ​ដុំ​ដែលមាន​ទម្ងន់​៩.២​គីឡូក្រាម និង​៥.៨​គីឡូក្រាម កាលពី​សប្តាហ៍​មុន ហើយ​បាន​លក់​ចេញ​នៅ​ពុធ ទៅ​ឲ្យ​ស្ថាប័ន​ជំនាញ​នៃ​ក្រសួង​រ៉ែ​តង់​ហ្សា​នី ដោយ​ឆ្លងកាត់​ការដេញថ្លៃ​មួយ​នៅ​ភាគ​ខាងជើង​តំបន់ Manyara​។​

​លោក​ប្រធានាធិបតី​តង់​ហ្សា​នី John Magufuli ក៏បាន​ទូរ​សព្ទ​ទៅ​អបអរសាទរ​លោក Laizer ផងដែរ ដោយ​លោក​រីករាយ​ចំពោះ​អ្នករុករក​រ៉ែ​ខ្នាតតូច​រូបនេះ ដែលមាន​ឱកាស​ក្លាយជា​មហាសេដ្ឋី​។  លោក Magufuli ដែល​បាន​កាន់អំណាច​តាំងពី​ឆ្នាំ​២០១៥ មក បានចាត់ទុក​វិស័យ​រុករក​រ៉ែ ជា​ផ្នែក​នៃ​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​។​

​លោក Laizer អាយុ​៥២​ឆ្នាំ ដែលមាន​ភរិយា​៤​នាក់ និង​កូនជាង​៣០​នាក់ បាន​កាប់​គោមួយ​ធ្វើ​ម្ហូបអាហារ​ដើម្បី​អបអរសាទរ​លាប​សំណាង​របស់លោក​។  បុរស​រូបនេះ មានបំណង​វិនិយោគ​នៅ​សហគមន៍​របស់ខ្លួន​ក្នុងស្រុក Simanjiro តំបន់ Manyara រួមទាំង​បង្កើត​ផ្សារ និង​សង់សាលា​ដើម្បី​ជួយ​ដល់​អ្នកភូមិ​ក្រីក្រ​។មិនតែប៉ុណ្ណោះលោក Laizer បាន​អះអាង​ប្រាប់ សារព័ត៍មានBBC ថា លោក​នឹងមិន​ប្តូរ​របៀប​រស់នៅ​របស់​ខ្លួន​នោះឡើយ ដោយ​លោក​បន្ត​ប្រកប​របរចិញ្ចឹមគោ​២០០០​ក្បាល និង​រស់នៅ​ដោយ​សាមញ្ញ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print