ខេត្តព្រះសីហនុ៖ មនុស្ស៥នាក់ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវាយផ្ទប់ទូកឱ្យជាប់កឿងនឹងថ្មនៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុង នោះ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប័រល្បឿនលឿនរបស់លោកឧកញ៉ាទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។ លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាកនិងប្រើពេលយូរ ក្នុងនោះជនរងគ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែល។ដោយមានទឹកអាណិតមេត្តា លោកឧកញ៉ាទៀ វិចិត្របានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿងក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ(អូសគ្នា)ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាសចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿងក៏ត្រូវរលកសមុទ្រវាយពន្លិចកឿងជាប់នឹងថ្ម ហើយមនុស្សដែលជាប់លើទូកទាំងអស់៥នាក់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់ដល់ជីវិត៕
ដោយ៖ ឆ្លាម សមុទ្រ