ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួលធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជន ។ចំណែកឯតៃកុងរថយន្តបានចុះពីរថយន្តព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋក៏នាំគ្នាតាមឃាត់មកវិញ រហូតមានការប្រទាញប្រទង់គ្នាបង្កជាហិង្សាមួយប្រ៉ាវ នៅវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ៣៨០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាScopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HU-2854 បើកបរដោយបុរសម្នាក់វ័យប្រហែល៣០ឆ្នាំតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវបំបែកកែងផ្លូវ៣៨០ស្រាប់តែបុកជាមួយនឹងរថយន្តកាមរីបាឡែន ពណ៌ស ស្លាកលេខភ្នំពេញ2Z-2506បើកបរដោយបុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងជោគជាំ ទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវ៣៨០ បណ្តាលឲ្យបុរសដែលជាអ្នកបើកបរម៉ូតូរងរងបួសបាក់ភ្លៅខាងស្តាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនភ្លាមៗ។
នៅក្នុងហេតុការណ៍នោះអ្នកបើកបររថយន្តបានព្យាយាមចុះពីរថយន្តគេចវេសចេញពីកន្លែងកើតហេតុក៏ស្រាប់តែបងប្អូនប្រជាពលរដ្ឋឃាត់ឲ្យបុរសនោះនៅដោះស្រាយជាមួយសាច់ញាតិជនរងគ្រោះសិន ក៏មានការផ្ទុះហិង្សាដាក់គ្នាមួយប្រ៉ាវ បណ្តាលឲ្យបុរសម្នាក់ដែលព្យាយាមការពារអ្នកបើកបររថយន្តនោះរងរបួសបាក់ក្តោងច្រមុះថែមទៀត ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ និងធ្វេីការវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រង់ចាំដោះស្រាយពេលក្រោយ ។ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលបឹងកេងកង១ រីឯបុរសដែលរងរបួសបាក់ក្តោងច្រមុះត្រូវបានព្យាបាលដោយខ្លួនឯង ៕
ដោយ៖ ភារ៉ា ដង្កោ