ភ្នំពេញ៖ មន្ត្រីនគរបាលខណ្ឌ សែនសុខប្រាប់ឲ្យដឹងថា នាព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នគរបាល នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ កសាងសំណុំរឿង បញ្ជូនជនសង្ស័យម្នាក់ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បី ផ្តន្ទាទោសតាមច្បាប់ ករណីជួញដូរ និងកាន់កាប់អាវុធខុសច្បាប់។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ខឹម ចាន់រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ លក់ និងកាត់សំលៀកបំពាក់យោធា នៅក្នុងផ្សារទឹកថ្លា ស្នាក់នៅភូមិ ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង២៣ និង០០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់បន្តអោយដឹងថា មុនពេលឃាត់ខ្លួន គឺជនសង្ស័យ បានធ្វើដំណើរចេញពីផ្ទះនៅផ្សារទឹក ថ្លា ឆ្ពោះទៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ដោយមានកាំភ្លើងខ្លី ១ដើម នៅជាប់និងខ្លួន ខណះនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញសភាពការណ៍មិនល្អ ក៏រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ចុះអន្តរាគមន៍ភ្លាមៗ ដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងកាំភ្លើងខ្លី ១ដើម ផងដែរ នាំទៅកាន់ប៉ុស្តិ៍ ធ្វើការសាកសួរ។
ដោយឡែកលោកអនុសេនីយ៍ ឯក សុខ សុផល នាយប៉ុស្តិ៍នគរ បាលរដ្ឋបាលទឹកថ្លាប្រាប់អោយដឹងថា បន្ទាប់ពីទទួលបានសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋភ្លាមនោះលោកបានសុំបញ្ជាពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែន សុខ ដឹកនាំកម្លាំងចុះដល់កន្លែង កើតហេតុ ឃាត់ខ្លួនជនសង្ស័យ ភ្លាមៗ ដកហូតអាវុធខ្លី ១ដើម ម៉ាក K59 មានបង់១ និងគ្រាប់ ១គ្រាប់ ទូរស័ព្ទដៃ ២គ្រឿង ហើយបន្ទាប់ ពីសួរនាំរហូតដល់ព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១៦ លោកក៏បានបន្ត នីតិវិធី នាំជនសង្ស័យទៅឆែកឆេលំ នៅដ្ឋានបន្ថែមទៀត ប៉ុន្តែជាលទ្ធិ ផល នៃឆែកឆេរ គឺរកមិនឃើញ មានអ្វីដែលគួរឲ្យសង្ស័យនោះទេ។
លោក អនុសេនីយ៍ឯក សុខ សុផល ប្រាប់បន្តថា ក្រោយពីធ្វើការ សាកសួរជនសង្ស័យឆ្លើយសារភាពថា កាំភ្លើងខ្លី ម៉ាក K59 ចំនួន ១ដើម នេះ មិនមែនជារបស់រូបគេ នោះទេ គឺរូបគេទទួលបានពីបុរស ម្នាក់ផ្សេងទៀត ដើម្បីយកទៅលក់ បន្ត ប៉ុន្តែមិនទាន់ទាំងបានលក់ផង ក៏ត្រូវសមត្ថកិច្ចត្រួតពិនិត្យឆែកឃើញកាំភ្លើង ឃាត់ខ្លួនរូបគេតែម្តង៕ តុង សីហា