សៀមរាបៈនៅព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ
គណៈកម្មាធិការអចិន្ត្រៃយ៍សភា នៃប្រទេសនិយាយភាសាបារាំង (APF) នៅទីរួមខេត្តសៀមរាប។ កិច្ចប្រជុំ ផ្តោតទៅលើការពិភាក្សារបាយការណ៍សកម្មភាពរបស់អគ្គលេខាធិការ APF កិច្ចសហប្រតិបត្តិការសភានិយាយភាសាបារាំង របាយការណ៍ថវិកាឆ្នាំ២០១៦ ហើយនឹងពិនិត្យ របាយការណ៍សកម្មភាព គណៈកម្មាធិការទាំងបួន របស់ប្រទេសនិយាយភាសាបារាំង (គណៈគណៈកម្មាធិការកិច្ចកាសភា សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ គណៈកម្មាធិការអប់រំ គណៈកម្មាធិការកិច្ចការវប្បធម៌ និងទំនាក់ទំនង គណៈកម្មាធិការនយោបាយ) ។
ក្នុងនោះ ក៏បានលើកយករបៀវារៈសំខាន់ៗ មកពិនិត្យ និងពិភាក្សា ១)របាយការណ៍សកម្មភាពបណ្តាញសមាជិកសភាជាស្រ្តី នៃប្រទេសនិយាយភាសាបារាំង ២)សកម្មភាពក្នុងតំបន់អាហ្រ្វីក អាមេរិក ៣) សកម្មភាពនៅអាស៊ីប៉ាស៊ីហ្វិច និងសហភាពអឺរ៉ុប ៤) សភាពការណ៍នយោបាយក្នុងប្រទេសនិយាយភាសាបារាំង ព្រមទាំងសន្និបាតសភានៃប្រទេសនិយាយភាសាបារាំង លើកទី៤២ នៅរាជធានីអង់តាណាណារីវូ នៃកោះម៉ាដាហ្គាស្កា។ បញ្ហាមួយចំនួនទៀត ដូចជាការបញ្ចូលយុវជន នៅក្នុងសកម្មភាព នៃប្រទេសនិយាយភាសាបារាំង និងកិច្ចព្រមព្រៀងទ្វេភាគីផ្សេងទៀត៕