ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់សម្រេចធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកខ្សែនីឡុងចងកទៅនឹងរតផ្ទះ បន្ទាប់ពីបុរសរូបនេះសុំលុយម្តាយទិញម៉ូតូយកមករត់ម៉ូតូឌុបតែម្តាយអត់ទិញអោយ ។
ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹង បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួននេះ មានឈ្មោះសាន់ ចន្ថា អាយុ៣៥ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ ។
ក្រុមគ្រួសារបានអោយដឹងថា បុរសរូបនេះទើបមកពីធ្វើការនៅប្រទសថៃ បុរសរូបនេះគឺជាមនុស្សដែលស្លូតបូត ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បុរសរូបនេះបានសុំម្តាយ ទិញម៉ូតូមួយគ្រឿងដើម្បីយកមករត់ម៉ូតូឌុបដើម្បីយកលុយគ្រាន់ចាយខ្លួនឯងខ្លះ ។ ប៉ុន្តែម្តាយរបស់បុរសរូបនេះមិនទិញអោយ ។ ហើយក៍តូចចិត្ត នឹងមានទឹកមុខស្រង៉ូតស្រង៉ាត់រហូត ស្រាប់តែនៅរសៀលថ្ងៃទី២៨ មករា ក៍ពុំមានមនុស្សណានៅផ្ទះ ហើយបុរសនេះបានឡើង មកលើផ្ទះយកខ្សែនីឡុងចងកសម្លាប់ខ្លួនទៅនឹងរតផ្ទះតែម្តង ។
ក្រុមគ្រួសារបានអោយដឹងទៀតថា ដោយនៅលើផ្ទះមានសម្លេងខុសប្រក្រតី ក៍បាននាំគ្នាឡើងមកមើលក៍ឃើញបុរសរូបនេះសម្លាប់ខ្លួនបាត់ទៅហើយ ឃើញដូច្នេះបានប្តឹងសមត្ថកិច្ចអោយចុះមកពិនិត្យសាកសព ។
សមត្ថកិច្ចបានអោយដឹងថា សាកសពបុរសនេះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ ៕
ដោយ៖ ចន្ថា