ភ្នំពេញៈ រាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅបរិវេនអាងហែលទឹកលំហែរកាយនៃសណ្ឋាគារសុខាដ៏ទំនើប ឋិតនៅត្រើយខាងកើត ក្នុងសង្កាត់-ខណ្ឌ ជ្រោយចង្វារ មានកម្មវិធីជួបជុំមិត្តភ័ក្រ្តអតីតៈជានិស្សិតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចយ៉ាងច្រើនកុះករ ជាមួយនិងបរិយាកាសសប្បាយរីករាយដែលមិនធ្លាប់មានពីមុនមកក្នុងរយះពេល១៩ឆ្នាំ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែនបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប័ត្រក្នុងឆ្នាំ១៩៩៧កន្លងមក ហើយបានទៅបំពេញការងារ និងប្រកបមុខរបររៀងៗខ្លួនមក។
កម្មវិធីដ៏កម្រ និងមិនធ្លាប់មានពីមុនមកនៃក្រុមនិស្សិតច្បាប់ជំនាន់ទី១រៀមច្បងរបស់យើង គឺបានផ្តួចផ្តើមដោយពីនិស្សិតរួមជំនាន់ដែលមានមុខងារក្នុងជួររដ្ឋាភិបាល គឺ លោកឧត្តមសេនីយ៍ឯក ជា សុគន្ធា លោក ឧត្តមសេនីយ៍ឯក ឈន សុីណាត លោកអនុរដ្ឋលេខាធិការ ឈន សុភាព លោកអនុរដ្ឋលេខាធិការ សឹុម សូយ៉ុង លោកឧកញ៉ា ព្រំ សុធី លោកអនុរដ្ឋលេខាធិការ វេង សុធី លោកព្រះរាជអាជ្ញា ហៀង សុភ័ក្រ និងមិត្តមួយចំនួនទៀត។
លោក ឈន សុភាព អតីតៈជាប្រធានវគ្គ និស្សិតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជំនាន់ទី១ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងពិធីជួបជុំអតីតៈមិត្តរួមជំនាន់ថាៈ រាត្រីនេះពិតជាវិសេសវិសាល ប្រកបដោយការរំភើបរីករាយដ៏ពន់ពេកក្រោយពីបញ្ចប់ការសិក្សាយើងទាំងអស់បានបែកគ្នាអស់រយះពេល១៩ឆ្នាំ ក្នុងនោះពិតជាមោទនៈភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់យើង រហូតដល់ទទួលបានការងារធ្វើស័ក្តិសម មានជីវភាពសមរម្យ តែដោយឡែកមិត្តខ្លះទៀតមួយចំនួនតូចក៏គាត់ជួបការលំបាកក្នុងកម្រិតទាបតិចតួច។ លោកអនុរដ្ឋលេខាធិការបន្តថាៈ និស្សិតយើងមានអនាគតល្អៗប្រកបដោយសមត្ថភាព អ្នកខ្លះមានមុខតំណែងក្នុងជួររដ្ឋាភិបាល អ្នកខ្លះជា ថ្នាក់អភិបាលរងរាជធានី -ខេត្ត ជាអភិបាល អភិបាលរងខណ្ឌ ស្រុកឧត្តមសេនីយ៍យោធា នគរបាល ជាចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្ទីរសហការី អគ្គកុងសុល មេធាវី ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី លេខាទូត ជាមន្ត្រី ថ្នាក់ដឹកនាំគយ និងរដ្ឋាករ ហើយមិត្តយើងខ្លះទៀតជាអ្នកវិនិយោគទុន ជាអង្គការសង្គមសុីវិលជាដើម សុទ្ធតែឆ្លងកាត់ការសិក្សារៀនសូត្រតស៊ូ និងមានអនុស្សាវរីយ៍រាប់មិនអស់ជាមួយគ្នា ដូច្នោះរាត្រីនេះយើងនិងគាស់កកាយរាល់អនុស្សាមកសប្បាយជាមួយគ្នាចម្លងការស្រឡាញ់ រាប់អាន កាន់តែខិតជិតស្និទស្នាលដោយមិនអាចបំភ្លេចគ្នាបានឡើយ។
លោក ភ័ណ្ឌ សុផល អតីតៈនិស្សិតច្បាប់ជំនាន់ទី១ បច្ចុប្បន្នជានិពន្ធនាយករង មជ្ឈមណ្ឌលព័ត៍មាន«នគរវត្ត»មានវត្តមានក្នុងកម្មវិធីនេះផងដែរបានអោយដឹងថាៈ អតីតៈនិស្សិតច្បាប់ជំនាន់ទី១ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៩៧ ទទួលសញ្ញប័ត្រមានចំនួន២២៤នាក់ មាននិស្សិតជាជនជាតិជប៉ុនម្នាក់ ហើយក្នុងនោះក៏មាននិស្សិតនារីៗចំនួន១០នាក់ ។ រាត្រីនេះឃើញមិត្តភ័ក្រ្តប្រមាណជាង១០០នាក់ បានមកចូលរួម និងខ្លះទៀតជាប់បំពេញភារកិច្ចបេសកកម្មការងារក្រៅប្រទេស ហើយមួយចំនួនក៏មិនបានទទួលព័ត៍មានពីការជួបជុំនេះ សង្ឃឹមថាឆ្នាំបន្ទាប់ៗដែលយើងមានគំរោងបន្ត និងអាចមានមិត្តយើងមកចូលរួមច្រើនជាងនេះ។
លោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបានថ្លែងថាៈ បើទោះជាដល់ទីណា កន្លែងណា យើងទាំងអស់គ្នាមានមុខរបរ ការងារ ក្នុងកម្រិតបែបណាក៏ដោយ គឺយើងនូវតែមានការប្រាស្រ័យទាក់ទងគ្នាជានិច្ច ហើយសូមកោតសសើរដល់មិត្តរួមជំនាន់ទាំងអស់បានឆ្លៀតពេលវេលា និងការងារ មានតម្លៃ មកពីបណ្តារាជធានី ខេត្តបង្កបានជាលក្ខណះសប្បាយយោគយល់គ្នាដូចគ្រាពួកយើងជានិស្សិតរៀនជាមួយគ្នា ។
នៅក្នុងកម្មវិធីនេះផងដែរឃើញនិស្សិតច្បាប់ជំនាន់ទី១ រៀមច្បងយើងបានមូលមតិគ្នាចែករំលែកចូលរួមជាថវិកា តិចច្រើនទៅតាមសមត្ថភាពសម្រាប់ការជួបជុំគ្នា ហើយថវិកាដែលគិតថាសេសសល់ពីកម្មវិធី និងចាត់ចែងដល់មិត្តរួមជំនាន់ដែលមានស្ថានភាពគ្រួសារលំបាក ឬជួបគ្រោះអាសន្នផ្សេងៗ ។ មិនតែប៉ុណ្ណោះសម្រាប់ការជួបជុំក្រោយៗទៀត និស្សិតទាំងអស់មានគម្រោងប្រមូលថវិកាសល់ពីចំណាយក្នុងកម្មវិធីយកទៅឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ សុខ ខេមរា