នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនជាតិចិន២នាក់ចាប់ជំរិតជនជាតិចិនដូចគ្នា

ចែករំលែក៖

ភ្នំពេញ ៖លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួនជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នាពីខេត្តព្រះសីហនុមកស្នាក់ក្នុងបុរីនៅរាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនជាតិចិននេះធ្វើឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១០០៧ ផ្លូវបេតុងក្នុងបុរីសីរ៉ែន វីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្ដីអ្នកបកប្រែបានរៀបរាប់ប្រាប់ថា ជនរងគ្រោះមានចំនួន៣នាក់ជាក្មេង អាយុប្រហែល១៨-១៩ឆ្នាំជាជនជាតិចិន។

ជនរងគ្រោះទាំងបីនាក់នេះបានចេញពីធ្វើការនៅហាងមួយកន្លែងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ដោយដើរតាមផ្លូវក្នុងគោលបំណងទៅបន្ទប់ជួល ក៏ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាអាល់ផាត ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BC-5178 មានគ្នា៣នាក់ជាជនជាតិចិនបានចុះពីលើរថយន្តមកវ៉ៃជនរងគ្រោះចាប់ដាក់ខ្នោះហើយអូសចូលក្នុងរថយន្តបើកមកភ្នំពេញយកមកដាក់បង្ខាំងនៅផ្ទះបុរីសីរ៉ែន វីឡាដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះរាប់មុឺនដុល្លារ ហើយធ្វើទារុណកម្មយកកាំបិតឆូតមុខបណ្ដាលឱ្យជនរងគ្រោះហូរឈាមនិងបង្អត់បាយចំនួនបីថ្ងៃក្នុងនោះមានជនរងគ្រោះម្នាក់បានឲ្យលុយចំនួន២០
ម៉ឺនយ័នជាលុយចិនទៅឱ្យជនសង្ស័យ ហើយជនរងគ្រោះខ្លះអត់លុយឲ្យត្រូវក្រុមជនសង្ស័យធ្វើបាបស្ទើរស្លាប់។

ជនរងគ្រោះម្នាក់បានរត់ចេញតាមសំយាបផ្ទះចេញមកខាងក្រៅពឹងប្រជាពលរដ្ឋខ្មែរឲ្យជួយប្រាប់ប៉ូលិស ហើយជនសង្ស័យដឹងថាបែកការណ៍ក៏បានប្រមូលអីវ៉ាន់ចាកចេញពីផ្ទះ។ពេលសមត្ថកិច្ចបានទទួលព័ត៌មាននេះភ្លាមលោកអធិការខណ្ឌសែនសុខបាននាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅដល់ទីតាំងកើតឡោមព័ទ្ធចាប់បានជនជាតិចិនដែលជាជនសង្ស័យចំនួន២នាក់ និងរត់រួចម្នាក់ព្រមទាំងរំដោះជនរងគ្រោះបានចំនួនបីនាក់មកវិញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសួរនាំនិងចាត់ការបន្តទៅតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print