ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានហៅរបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្សចំនួន៣នៅកម្ពុជាថា៖ ជាការលើកទឹកចិត្តឱ្យក្រុមប្រឆាំងរាជរដ្ឋាភិបាល រឹតតែធ្វើសកម្មភាពបំពានច្បាប់។ មិនតែប៉ុណ្ណោះលោក ជិន ម៉ាលីន បញ្ជាក់ថាកម្ពុជាមានឱនភាពលើការអនុវត្តសេរីភាពមូលដ្ឋាន ហើយនេះគឺជារបាយការណ៍មួយធ្វើឡើងមិនបានឆ្លុះពីព្រឹត្តិការណ៍ និងទិដ្ឋភាពនៅក្នុងសង្គមកម្ពុជា។
លោក ជិន ម៉ាលីន បានប្រតិកម្មថា៖ បន្ទាប់ពីអង្គការសិទ្ធិមនុស្សនៅកម្ពុជាចំនួន៣រួមមាន៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានចេញរបាយការណ៍រួមគ្នាមួយដោយបានលើកឡើងថា លំហសម្រាប់ការអនុវត្តន៍សេរីភាពមូលដ្ឋាននៅកម្ពុជានៅតែបន្តរឹតត្បិត។
សូមជ្រមាបថា នៅក្នុងរបាយការណ៍អង្គការទាំង៣នេះ បានធ្វើការកត់សម្គាល់ពីការបង្ក្រាបលើអ្នកមានទស្សនៈនយោបាយផ្ទុយ, ការបំបិទនូវការបញ្ចេញមតិដែលធ្វើឱ្យមានការកើនឡើងនូវការចាប់ពិរុទ្ធិ និងការថយចុះការយល់ដឹងរបស់សាធារណជនចំពោះសេរីភាពមូលដ្ឋានជាដើម។
ជាក់ស្តែងលើទំព័រហ្វេសប៊ុករបស់លោក ជិន ម៉ាលីន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា របាយការណ៍របស់អង្គការទាំង៣នេះ គ្រាន់តែធ្វើការប្រមូលបូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋានតែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុ និងមូលដ្ឋានលំអិត ដែលនាំឱ្យកើតមានព្រឹត្តិការណ៍នីមួយៗ ទិដ្ឋភាព និងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។
បន្ថែមពីនេះទៅទៀត អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមានរបៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវីលដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាន និងចោទប្រកាន់ថា ជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើ និងធ្វើការពិចារណារទៅលើទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើតជាបទល្មើស ហើយដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការនោះទេ។
លោក ជិន ម៉ាលីន បានលើកឡើងទៀថា ការធ្វើរបាយការណ៍ដោយដកស្រង់យកតែទស្សនមួយជ្រុងនិងជួបសម្ភាសជាមួយមនុស្សមួយក្រុម និងអង្គការមួយចំនួនដែលជាបក្សពួករបស់ខ្លួននិងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលផងនោះ ដោយមិនមានការចូលរួមនិងធាតុចូលពីតំណាងរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ដែលទទួលរងផលប៉ះពាល់អវិជ្ជមានពីរបាយការណ៍នេះ នោះការស្រាវជ្រាវ និងកាសន្និដ្ឋានក្នុងរបាយការណ៍នេះ មិនមានលក្ខណៈជាវិទ្យាសាស្រ្ត មិនមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមិនអាចយកជាការបាន។
គួរបញ្ជក់ថ លោក ជិន ម៉ាលីន ការចេញរបាយការណ៍មិនគ្រប់ជ្រុងជ្រោយ លំអៀង និងមានគោលដៅវាយប្រហាររដ្ឋាភិបាលបែបនេះ អាចនឹងនាំឱ្យមានគ្រោះថ្នាក់ និងអស្ថេរភាពក្នុងសង្គម ព្រោះថា របាយការណ៍នេះ ហាក់ដូចជាការពារ និងលើកទឹកចិត្តដល់ក្រុមប្រឆាំងដែលតែងតែធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ដែលរៀបចំ ឧបត្ថម និងគាំទ្រដោយចលនា និងអង្គការចាត់តាំងខុសច្បាប់នៅខាងក្រៅឱ្យកាន់តែធ្វើសកម្មភាពបន្ថែមទៀត ដោយមិនខ្លាចច្បាប់ និងសមត្ថកិច្ច បង្ករភាពចលាចលក្នុងសង្គម ដើម្បីសម្រេចឱ្យបាននូវមហិច្ឆតានយោបាយរបស់ខ្លួន ហើយដែលនេះមិនមែនជាការអនុវត្តនូវសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ។
អ្នកនាំពាក្យរូបនេះ បានផ្តល់ដំបូន្មានទៅអង្គការទាំងនេះថា របាយការណ៍របស់ពួកគេ គួរតែធ្វើការអប់រំ និងណែនាំក្រុមដែលបំពានច្បាប់ទាំងនោះ ឱ្យគោរពច្បាប់ឱ្យបានភ្ជាប់ភ្ជួន ប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ មិនបំពានសិទ្ធិសេរីភាពអ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខសង្គមនិងសណ្តាប់ឆ្នាប់សាធារណៈ ដែលអាចនាំឱ្យពួកគេប្រឈមនិងទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ ក៏ដូចជាសារក្រើនរំលឹកទៅអង្គការសិទ្ធិមនុស្សទាំងនេះថា នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ជាគោលការណ៍សិទ្ធិមនុស្ស «Human Rights» ត្រូវតែគោរព និងការពារ តែបើមនុស្សប្រព្រឹត្តកំហុស «Human Wrong» ត្រូវតែប្រឈម និងទទួលខុសត្រូវតាមផ្លូវច្បាប់៕ដោយ៖ស តារា