ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កំពុងចាប់អារម្មណ៍ ផ្ទះបុរាណមានអាយុ១០០ឆ្នាំ របស់លោកយាយ ប៊ុន រឿង នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមអះអាងពីលោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរខេត្តបាត់ដំបង មានប្រសាសន៍ថា៖ ផ្ទះបុរាណមានអាយុ១០០ឆ្នាំ របស់យាយ ប៊ុន រឿងនៅខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាជាហូរហែ នឹងបានជួយបង្កើនប្រាក់ចំណូលដល់ដល់លោកយាយ និងប្រជាពលរដ្ឋនៅតំបន់នោះបានមួយកំរិតថែមទៀត។

លោកប្រធានមន្ទីរទេសចរខេត្តរូបនេះ បន្តថា ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង បានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើអំពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង ក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ ដោយផ្ទះនេះមានបណ្ដោយ ២៩ម៉ែត្រ និងទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី៥៤៥០ម៉ែត្រការ៉េ សង់តាមលំនាំម៉ូតបុរាណហោណាំង (រានហាល)នៅខាងមុខ។

លោកប្រធានមន្ទីរបន្តថា ផ្ទះបុរាណនេះ បង្កប់ដោយលក្ខណៈ ស្ថាបត្យកម្មខ្មែរ ដែលនៅគង់វង្ស ដូចជា ឧបករណ៍ប្រើប្រាស់សំរាប់ការងារកសិកម្ម សិប្បកម្មតម្បាញ ក្បូរក្បាច់រចនាលំនៅដ្ឋាន ដែលជារចនាបទខ្មែរបូរាណ ដែលធ្វើអោយភ្ញៀវមកទស្សាន្តមិនអាចបំភ្លេចបាន។ មិនតែប៉ុណ្ណោះភ្ញៀវទេសចរ ក៏អាចស្វែងយល់ពីជីវភាពប្រជាជនដែលរស់នៅតាមដងស្ទឹង ប្រកបរបដាំបន្លែ និងនេសាទត្រី

លោកបន្តទៀតថា« ផ្ទះបុរាណនៅក្នុងភូមិវត្តគរមានច្រើនតែយើងយកតែ២ទេជាគោល សម្រាប់ឲ្យភ្ញៀវឬក៏និសិ្សត ដើម្បីធ្វើទស្សនាកិច្ចសិក្សាស្វែងយល់អំពីការរៀបចំផ្ទះក្នុងសម័យបុរាណ ហើយក្នុងនោះម្ចាស់ផ្ទះមានការយកចិត្តទុកដាក់ស្វាគមន៍ រៀបចំឲ្យមានអ្នកមគ្គុទេសសម្រាប់ធ្វើការអត្ថាធិប្បាយក្នុងកន្លែងនិមួយៗ។ ហើយផ្ទះបុរាណនេះមានរចនាបទស្រស់ស្អាតគួរឲ្យទាក់ទាញ»

លោកប្រធានមន្ទីរទេសចរខេត្តបាត់ដំបងបានបញ្ជាក់ទៀតថា ផ្ទះបុរាណនេះមានអ្នកគ្រប់គ្រងថែរក្សាបីជំនាន់មកហើយ ដែលមានសភាពនៅតែរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ មានសសរទាំង៣៦ សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ មានជណ្ដើរចំនួនពីរខាងមុខធ្វើ ពីថ្ម រីឯខាងក្រោយធ្វើអំពីឈើ។ ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងគ្មានពិដានទេ និងមាន ក្បូក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ។ ឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេងក្ដារ ក្រាលរានហាលធ្វើពីឈើកកោះ។ ចំណែកជញ្ជាំងវិញធ្វើពីឫស្សីត្បាញបូកជាមួយបាយអ

គួរបញ្ជាក់ថា នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន២០ផ្ទះ តែមានផ្ទះបុរាណចំនួន២ប៉ុណ្ណោះ ដែលអាចទស្សនាបាន ដោយក្នុងមួយសប្តាហ៍មានភ្ញៀវទេសចរចូលទស្សនាជាង២០០ទៅ៣០០នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print