ភ្នំពេញ៖ រឿងរ៉ាវអ្នកលេង Facebook និងជាអ្នកលក់ឡេល្បីម្នាក់ គឺអ្នកនាង Love Riya បង្កើតជាឆាកថាខ្លួនត្រូវបានចោរចូលគាស់ផ្ទះយកទូរដែក ដោយនាងនិយាយថាបាត់លុយអស់៣០ម៉ឺនដុល្លារ ត្រូវបានលោកស្នងការខេត្តកណ្តាល បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ករណីខាងលើគឺមិនមានបាត់បង់ទ្រព្យសម្បត្តិ សូម្បីតែប្រាក់មួយរយរៀលនោះឡើយ ហើយសមត្ថកិច្ចក៏បានតាមដានស្រាវជ្រាវស្វែងរកមុខសញ្ញាផងដែរ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្លាប់និយាយថា៖ អ្នកនាង Love Riya បានទទួលស្គាល់ជាមួយសមត្ថកិច្ចដែលទៅដល់កន្លែងកើតហេតុ គឺទូដែកនោះគ្មានលុយ១រៀលមែន តែក្រោយមក អ្នកនាង Love Riya បាន Live ថាខ្លួនបាត់លុយ ៣០មុឺនដុល្លារក្នុងទូដែក ទៅវិញដោយគ្មានការពិត។ លោកស្នងការបានចាត់ទុកការ Live របស់នាង ជាចេតនាបំផ្លើសការពិត ធ្វើអោយសមត្ថកិច្ចខាតបង់ពេលវេលាដោយសារតែគាត់។ លោកស្នងការបញ្ជាក់ថា៖ នេះមិនទាន់គិតដល់ការផ្តល់សក្ខីកម្មក្លែង បំភ្លៃការពិត ភូតកុហកសមត្ថកិច្ចផង។
សូមបញ្ជាក់ថា៖ ក្នុងនោះដែរ លោកស្រី ហ៊ុន ស៊ីណាត ដែលគេស្គាល់ថាជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហោះសារនិយាយចំៗអោយទៅអ្នកនាង Love Riya ដោយលោកស្រីបានសរសេររៀបរាប់ថា៖ “នាងនេះបំពុលសង្គមធ្វើអោយគេអែងខ្វល់តែរឿងគាត់រហូតអញ្ចឹងសូមសមត្ថកិច្ចចាត់វិធានការលើនាងនេះម្ដងមើលពីព្រោះខ្ញុំដើរមានអ្នកជេរសមត្តកិច្ចខេត្តកណ្ដាលថារបបចោរលួចរបស់ស្រីម្នាក់នេះ ស្រីនេះហ៊ានឡាយព័ត៌មានមិនពិតនាំឲ្យមហាជនមានការយល់ច្រលំលើសមត្ថកិច្ចថា អសមត្ថភាពការពារសន្តិសុខជូនរាស្ត្រមិនបាន។
អ្នកនាង Love Riya ល្បីខាងលក់ឡេតាម Online ធ្លាប់សមត្ថកិច្ចឃាត់ខ្លួនរួចម្តងមកហើយ ក្នុងករណីលក់ឡេ គ្មានគុណ គ្មាការទទួលស្គាល់ពីក្រសួងសុខាភិបាល។ បច្ចុប្បន្នស្ត្រីរូបនេះបន្តបង្កើតបញ្ហាបំពុលសង្គម មើលងាយដល់សមត្ថកិច្ចដើម្បីតែចេតនាទុច្ចរិតរបស់ខ្លួនចង់ល្បី ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ៕
ដោយ៖ សហការី