រឿង «ខ្មោចប្រពន្ធស្ដេចល្បែង» ដែលចេញថតនៅទីក្រុងហុងកុងត្រៀមចាក់បញ្ចាំង

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តបែបភ័យរន្ធត់ និងមានគ្រប់រសជាតិ ដែលបានធ្វើដំណើរចេញទៅថត ដល់ទីក្រុងហុងកុង មានចំណងជើងថា «ខ្មោចប្រពន្ធស្ដេចល្បែង» របស់ផលិតកម្ម «H2O Production» ត្រៀមនឹងចាក់បញ្ចាំងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅតាមរោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ និងខេត្តសៀមរាប ។ សិល្បករផលិតករសុទ្ធតែបង្ហាញពីក្តីរំពឹងខ្ពស់ថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

ខ្សែភាពយន្តរឿង «ខ្មោចប្រពន្ធស្ដេចល្បែង» ជាស្នាដៃទី១របស់ផលិតកម្ម «H2O Production» ដោយបានសម្រិតសម្រាំង ទាំងតួសម្ដែង បច្ចេកទេសថត និងទីតាំងថត ដោយបានធ្វើដំណើរផ្ដិតយកទិដ្ឋភាព នៃទីក្រុងដ៏ស៊ីវីល័យ ហុងកុង ។ ចំណែកនៅក្នុងប្រទេសកម្ពុជា គឺមានតាំងថតស្ថិតនៅ​ ក្នុងតំបន់លោកយាយ ម៉ៅ ពេជ្រនិល ដែលជាតំបន់ព្រៃភ្នំ មានទេសភាពគួរជាទីទាក់ទាញជាច្រើនទៀត។

លោក យិន សុខហេង ចាងហ្វាងផលិតកម្ម «H2O Production» បានបញ្ជាក់ថា ​រឿង «​ខ្មោចប្រពន្ធស្ដេចល្បែង » ជាប្រភេទរឿង ដែលមានគ្រប់រសជាតិ មានខ្មោច គំនុំសងសឹក ការភ្នាល់ល្បែង កំសត់ ​ពិសេសជាងនេះទៀត​ គឺមានឈុតឆាក កំប្លែងសើច សើច តាំងពីដើមរហូតដល់ចប់ ។ ម្យ៉ាងទៀតផ្ទៃរឿងទាំងមូល មានលក្ខណៈខុសប្លែកពីគេ ព្រោះលាយឡំជាមួយនឹងគំនុំ ចងអាឃាត ច្រណែនឈ្នានីស តាមសងសឹកគ្នាគ្មានទីបញ្ចប់។

លោកបន្តថា មានផលិតកម្មជាច្រើនមកហើយ ដែលកំពុងផលិតរឿងប្លែកៗគ្នា ហើយថតនៅក្នុងស្រុកខ្មែរច្រើន ប៉ុន្តែស្នាដៃដំបូងរបស់លោកនេះ ចង់ធ្វើឲ្យមានលក្ខណៈប្លែកពីរឿងដទៃ ដោយតម្រូវឲ្យទៅផ្ដិតយករូបភាព ដល់ក្រុងហុងកុង ដើម្បីឲ្យផ្ទៃរឿងទាំងមូល មានសកម្មភាពរស់រវើក មានប្លង់ល្អៗ ដូចជាតំបន់ទេសចរណ៍ ផ្លាស់ប្ដូរវប្បធម៌ រវាងគ្នានឹងគ្នា បើទោះបីជាប្រទេសគេជឿនលឿន ជាងយើងយ៉ាងណាក្ដី ក៏យើងចង់ឲ្យមានភាពប្លែកភ្នែក ​សម្រាប់ទស្សកជនខ្មែរយើងដែរ។អ្នកដឹកនាំខ្សែភាពយន្តរូបនេះបានបញ្ជាក់ដែរថា ការសម្រេចចិត្តជ្រើសរើសទីក្រុងហុងមកថតខ្សែភាពយន្តនេះព្រោះតែសាច់រឿងមានពាក់ព័ន្ធទៅនឹងទីតាំងខ្លះនៅទីក្រុងហុងកុងហើយទីក្រុងនេះក៏ជាទីក្រុងដ៏ទាក់ទាញមួយផងដែរ។ លោកថាមានទីតាំង និងតំបន់ទេសចរណ៍ជាច្រើននៅទីក្រុងហុងកុង ត្រូវបានចេញថត។ លោកថា ”ខ្មោចប្រពន្ធស្តេចល្បែង” មានចំណុចទាក់ទាញជាច្រើនទាំងសាច់រឿងបែបកំប្លែង កម្សត់ ភ័យរន្ធត់ ការវាយតប់ប្លែក និងការផ្តិតយករូបភាពពីបរទេសមកបង្ហាញឲ្យអ្នកទស្សនាប្លែងភ្នែក។

​តារាសម្តែងដែលរកពេលសម្រាកគ្មាន លោក ប៉ែន ចំរ៉ុងបញ្ជាក់ថា សាច់រឿង”ខ្មោចប្រពន្ធស្តេចល្បែង” មានលក្ខណៈប្លែងជាងរឿងមុនៗដែលលោកធ្លាប់សម្តែងបើទោះបីជាមានឈុតឆាកកំប្លែងច្រើនក្តីប៉ុន្តែលោកត្រូវសម្តែងជាតួអង្គស្តេចល្បែងកៅជុនដែលមានចរិកម៉ឺងម៉ាត់កំប្លែង និងកំសត់ត្រូវរត់ពីទីក្រុងហុងកុងមករស់នៅស្រុកខ្មែរ។ តារាសម្តែងដែលកាន់តំណែងតួឯកជាច្រើនរឿងបន្តបន្ទាប់គ្នារូបនេះបានបញ្ជាក់ថា នេះគឺជាលើកទី១ដែលោកចេញទៅថតខ្សែភាពយន្តនៅបរទេស ដែលកាន់តែធ្វើឲ្យខ្សែភាពយន្តនេះកាន់តែទាក់ទាញ។

​គួរបញ្ជាក់ដែរថា រឿង«ខ្មោចប្រពន្ធស្ដេចល្បែង » មានការចូលរួមសម្ដែងជាតួឯក ដោយលោក ប៉ែន ចំរ៉ុង និងកញ្ញា គង់ វង្សយ៉ាទី និងតួសម្ដែងល្បីៗជាច្រើនរូបទៀត ៕

...

ដោយ៖ វឌ្ឍនា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print