ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា៖
១. តាមការសរុបខេត្តចំនួនបួន (តាកែវ ត្បូងឃ្មុំ បាត់ដំបង និងបន្ទាយមានជ័យ) ដែលមានព្រះសង្ឍអាពាធរោគាកន្លងមក និងក្នុងពេលថ្មីៗនេះ មានចំនួនប្រមាណជាង១២០អង្គហេីយ ដែលឆ្លងជំងផ្តាសាយធំ។ ព្រះសង្ឃដែលអាពាធស្ទេីរតែទាំងអស់ បានព្យាបាលជាសះស្បេីយហេីយ នៅសេសសល់ចំនួនតិចតួចប៉ុណ្ណោះ ដែលនៅបន្តការព្យាបាល តែស្ថានភាពបានធូរស្រាលហេីយដែរ។
២. ជាទូទៅ កត្តាដែលឲ្យមានបញ្ហាសុខភាពបែបនេះ គឺមានកត្តាជាច្រេីនដូចជា ការប្រែប្រួលអាកាសធាតុ ការវិវត្តបម្រែបំរួលនៃវីរុស ឫមេរោគផ្សេងៗនៅក្នុងបរិស្ថានដែលផ្តល់អំណោយផលគួបផ្សំនឹងការបម្រែបម្រួលអាកាសធាតុ ឫមានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ និងពពួកសត្វបក្សី ដែលអាចចម្លងវីរុសណាមួយមកបុគ្គល ឫការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានច្អិន និងមានកង្វះការអនុវត្តអនាម័យដៃ និងខ្លួនប្រាណ ឆ្លងតាមការក្អកកណ្តាស់ ដែលមិនបានខ្ទប់មាត់និងច្រមុះបានត្រឹមត្រូវឫឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហេីមអ្នកដែលឈឺ ជាដេីម។
៣. សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងព្រះសង្ឃ លោកតាអាចារ្យ លោកយាយជី និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា ចូលរួមអនុវត្តន៌វិធានការ៖
- ត្រូវមានអនាម័យខ្លួនប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។
- ប្រេីម៉ាស់ក្នុងករណីចាំបាច់ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម ឫកន្លែងដែលមានមនុស្សម្នាច្រេីន ហេីយពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់នុងច្រមុះ ដោយប្រេីកន្សែង ក្រម៉ា ក្រដាសជូតមាត់ ឫកែងដៃ ជាដេីម។
- ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡេីងទៅ
- ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សី ដោយផ្ទាល់។ ប្រសិនបេីបានប៉ះពាល់ ត្រូវតែលាងដៃជាមួយសាប៊ូ ឲ្យឆាប់ មុននឹងចាប់កាន់របស់របរ ឫមុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល។
- ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ រក្សាអនាម័យចំណីអាហារ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហេីយ។
- បេីមានបញ្ហាសុខភាព មិនត្រូវចូលរួមពិធីឫកម្មវិធីណាមួយនោះឡេីយ ដោយត្រូវស្នាក់ក្នុងកុដិ ឫទីកន្លែងណាមួយដាច់ដោយឡែកពីគេ កុំឲ្យមានការចម្លងបន្តគ្នា ហេីយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។
- រាយការណ៌ទៅលេខ ១១៥ (មិនមានថវិកា ក៏អាចហៅចូលបានដែរ) ឫទៅមន្ទីរសុខាភិបាលខេត្ត ឫទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។
សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ចៀសផុតនូវជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្តាសាយធំនេះ។ សូមរីករាយក្នុងក្រុមគ្រួសារ ក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ។ សូមអរគុណ៕
ដោយ៖ សិលា