ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា សម្រេចចិត្តលុបសារ Twitterរបស់ខ្លួន និងសុំទោស ក្រោយរងការរិះគន់ខ្លាំងរឿងបង្ហោះសត្វគន្ធាយយកធ្វើម្ហូប

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមក្រុមអ្នកអភិរក្ស ក្រោយរងការរិះគន់ជាបន្តបន្ទាប់ ពាក់ព័ន្ធជុំវិញអាហារដែលលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គម Twitter គឺគន្ធាយក្បាលកង្កែប (រមិច) ដែលជាប្រភេទសត្វប្រឈមនឹងការផុតពូជ។ ឯកអគ្គរាជទូតអូស្ត្រាលីរូបនេះ បានសម្រេចចិត្តលុបសារ Twitter របស់ខ្លួនចេញវិញ ហើយលោក Pablo Kang បានសរសេរសុំទោស និងសន្យាប្រុងប្រយ័ត្នចំពោះសកម្មភាពខ្លួននាពេលអនាគតផងដែរ ។

បើតាមការអះអាងរបស់លោក Pablo Kang ក្នុងសារសុំអភ័យទោសចំពោះកំហុសឆ្គងរបស់ខ្លួន បានបញ្ជាក់ថា៖«គោលបំណងរបស់ខ្ញុំ គឺមិនមែនផ្សព្វផ្សាយម្ហូបទាំងនេះឡើយ ប៉ុន្តែចង់ណែនាំពីម្ហូបមួយចំនួនដែលគេរៀបចំសម្រាប់ខ្ញុំ នាដំណើរទស្សនកិច្ចរបស់ខ្ញុំទៅតាមខេត្ត»។

លោក Pablo Kang បានសរសេរបន្ថែមលើ Twitter នាថ្ងៃទី១៥ ខែកញ្ញាកន្លងទៅថា៖ «ខ្ញុំពិតជាមិនគាំទ្រឡើយចំពោះការយកប្រភេទសត្វរងគ្រោះថ្នាក់ទៅធ្វើជាម្ហូបអាហារ ឬក្នុងគោលបំណងផ្សេងទៀត។ ខ្ញុំនឹងប្រុងប្រយ័ត្នបន្ថែមអំពីសកម្មភាពរបស់ខ្ញុំនាពេលអនាគត»។

គួរបញ្ជាក់ថា ក្រោយការបង្ហោះរូប អ្នកតាមដាន Twitter ជាពិសេសក្រុមអ្នកអភិរក្ស បានរិះគន់លោក Pablo Kang ដោយអ្នកខ្លះសម្តែងនូវការភ្ញាក់ផ្អើលដែលមន្ត្រីទូតបានបរិភោគអាហារពីសត្វដ៏រងគ្រោះថ្នាក់។ សារព័ត៌មានមួយចំនួន ដូចជា Daily Mail Australia ជាដើម ក៏បានយកករណីទៅសរសេរផងដែរ៕

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print