ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសវ័យចំណាស់ម្នាក់ បានដើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដោយមិនដឹងមូលហេតុ ប៉ុន្តែសំណាងល្អ បានទូកនេសាទខ្មែរឥស្លាមជួយស្រង់គាត់ដាក់លើទូកទាន់ពេលវេលា ហើយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតផងដែរ ។
ករណីបុរសលោតទឹកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីបុរសម្នាក់ឈ្មោះ ស្មាន សាត ជាជនជាតិខ្មែរឥស្លាមដែលបានជួយសង្គ្រោះ ខាងលើនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺគាត់កំពុងតែជិះទូកនេសាទត្រី ស្រាប់តែនៅម៉ោងកើតហេតុក៏ឮសំលេងមនុស្សធ្លាក់ចូលទឹកនិងមានគេស្រែកឲ្យជួយៗផង ភ្លាមនោះគាត់បានចូវទូកទៅក្បែរនោះ ដោយឃើញបុរសម្នាក់កំពុងតែធ្លាក់ចូលទឹកទន្លេរនោះគាត់ក៏ជួយស្រង់ដាក់លើទូក ហើយសមត្ថកិច្ចដែលប្រចាំការនៅលើស្ពានបានទំនាក់ទំនងរថយន្តសាមុយ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតភ្លាមៗផងដែរ ។
ចំណែកឯជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ចំរើន អាយុប្រហែលជាង៤០ឆ្នាំ ហើយបច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ៕
ដោយ៖ ស ដារ៉ា