ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់ដែលជាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុក ប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិធ្លក សង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំ។
លោកវរសេនីយ៍ ឈន សុធន អធិការនគរបាលក្រុងសួងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ គល់ សុខគីម ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិ សង្កាត់កើតហេតុខាងលើ។ ហើយរឹបអូសបានថ្នាំញៀនចំនួន១០កញ្ចប់ក្នុងនោះកញ្ចប់ធំចំនួន១ និងសម្ភារ ប្រើប្រាស់មួយចំនួនទៀត។
លោកអធិការក្រុងសួង បានបន្តថា កម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងសួង ដឹកនាំដោយលោកប៉ោ សុខនី ក្រឡាបញ្ជី ព្រះរាជអាជ្ញាសាលាដំបូងខេត្តត្បូងឃ្មុំ បានប្រើវិធីញុះញង់ ឱ្យកម្លាំងភ្នាក់ងារផ្តល់ ព័ត៌មានទិញថ្នាំញៀន ហើយបានបន្តឆែកឆេរផ្ទះជនសង្ស័យ ក៏បានរកឃើញថ្នាំញៀនដូចការរៀបរាប់ខាងលើ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងជំនាញអធិការដ្ឋាន នគរបាល ក្រុងសួងបំពេញសំណុំរឿង បញ្ជូនទៅតុលាការ ហើយ
ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណះ