អន្តរជាតិ៖ បើតាមការប្រកាសរបស់អាជ្ញាធរទីក្រុងQingdao របស់ប្រទេសចិន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា រដ្ឋាភិបាលចិន បានដាក់ទណ្ឌកម្មលើមន្ត្រីសុខាភិបាលពីររូប ក្រោយពាក់ព័ន្ធការផ្ទុះការឆ្លងជំងឺ COVID-19 ក្នុងទីក្រុងមួយនេះ។
ការដាក់ទណ្ឌកម្មទៅលើមន្រ្តីពីររូបនេះ ទី១ ,គឺប្រធានគណៈកម្មការសុខាភិបាលរបស់ទីក្រុងឈីងតាវ ត្រូវព្យួរការងារ និងទី២,ជាប្រធានមន្ទីរពេទ្យ Qingdao Chest ដែលជាប្រភពករណីឆ្លងថ្មីៗនេះ ត្រូវបានបណ្តេញពីតំណែង។ ករណីឆ្លងនេះ បានបញ្ចប់ការគ្មាន COVID 19 ក្នុងប្រទេសអំឡុងពេលជាង ២ ខែមកនេះ។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិនXinhua បានចុះផ្សាយថា ទីក្រុង Qingdao បានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ១៣ ករណី ដែលភាគច្រើនជាប់ទាក់ទងមន្ទីរពេទ្យ Qingdao Chest ជាទីដែលអ្នកធ្វើដំណើរឆ្លងមកពីបរទេសមាន COVID-19 ត្រូវបានព្យាបាលនៅក្នុងតំបន់ដាច់ដោយឡែក។ ចំណែកករណីមួយក្នុងចំណោមករណីទាំងនោះ បានកើតលើកម្មករធ្វើការនៅក្នុងកំពង់ផែដែលបានធ្វើតេស្តវិជ្ជមាន ប៉ុន្តែការវិវត្តរបស់រោគសញ្ញាបានកើតឡើងបន្ទាប់ពីឆ្លងប្រហែល ២០ថ្ងៃ។
សូមជម្រាបថា ទីក្រុងឈីងតាវ បានប្រកាសនៅសប្តាហ៍នេះថា ខ្លួននឹងធ្វើតេស្តប្រជាជនរបស់ខ្លួនទាំងអស់ចំនួន ៩ លាននាក់ក្នុងរយៈពេល ៥ថ្ងៃ។ របាយការណ៍ចុងក្រោយបានបង្ហាញថា ប្រជាជនជាង ៧ លានមានលទ្ធផលអវិជ្ជមាន។
បច្ចុប្បន្ន រដ្ឋាភិបាលចិនបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសដូចជាការធ្វើយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំនៅពេលដែលលេចចេញនៅការឆ្លងជាចង្កោម។ ជាមួយវិធានការតឹងរ៉ឹង ចិនអាចគ្រប់គ្រងករណីឆ្លងជាទូទៅបាន។
គួរបញ្ជាក់ថា ចំនួនករណីឆ្លង COVID 19 នៅចិនដីគោកមានចំនួន ៨៥,៦២២ នាក់ និងមានអ្នកស្លាប់ចំនួន ៤,៦៣៤ នាក់៕ដោយ៖ស តារា