បុគ្គលិកធនាគារហត្ថាកសិករម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ឡើងហើមស្អុយ ក្រោយបាត់ខ្លួន៥ថ្ងៃ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុគ្គលិកធនាគារហត្ថាកសិករម្នាក់ បន្ទាប់ពីក្រុមគ្រួសារអះអាងថា បានបាត់ខ្លួនចំនួន៤ថ្ងៃមកហើយ ក្រោយមកត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពដេកស្លាប់ឡើងហើមស្អុយ បង្កការភ្ញាកផ្អើលកាលពីវេលាម៉ោង ១២និង៤០នាទីរសៀលថ្ងៃទី១៥ វិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមដងផ្លូវជាតិលេខ១ ក្នុងភូមិបន្ទាយឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង ដោយសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ជិះម៉ូតូដួលខ្លួនឯងចូលក្នុងព្រៃដង្ហិត។

បើតាមការអះអាងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាដំបូងមានប្រជាពលរដ្ឋឈ្មោះ ថុង ចន្ថា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានរាយការណ៍ថា រូបគាត់បានប្រទះសាកសពមនុស្សប្រុសម្នាក់ស្លាប់ ហើយមានសភាពហើមរលួយស្អុយ រួមជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ នៅក្នុងព្រៃដើមដង្ហិតជាប់ដងផ្លូវជាតិលេខ១មុខផ្ទះឈ្មោះ វ៉េង សុវណ្ណារ៉ា ក្នុងភូមិបន្ទាយឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

សមត្ថកិច្ច បានអះអាងបន្តថាក្រោយពីទទួលបានព័ត៌មាននេះភ្លាមនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែលកម្លាំងនគរបាលជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ, សហការជាមួយកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលស្រុកស្វាយទាប ព្រមទាំងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្វាយទាប ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះពិនិត្យដល់កន្លែងកើតហេតុ

ក្រោយពីស្រាវជ្រាវរួច បានបញ្ជាក់ថា សាកសពឈ្មោះ សុត ធួក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកធនាគារហត្ថាកសិករមានទីតាំងក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ និងបច្ចុប្បន្នស្នាក់នៅភូមិក្តីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បន្ទាប់ពីពិនិត្យឃើញថាសាកសពមានសភាពហើមរលួយស្អុយមានដង្កូវចោះផងនោះ និងមានស្នាមរលាត់ស្បែកក្បាលផ្នែកខាងក្រោយ ​(បាក់ក) ព្រមទាំងមានស្នាមរលាត់នៅឆ្អឹងជំនីផ្នែកខាងឆ្វេង។

ដោយឡែកសម្ភាររបស់សាកសពបន្សល់ទុកនៅកន្លែងកើតហេតុរួមមាន ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខស្វាយរៀង1H-6281, ទូរស័ព្ទដៃពីរគ្រឿង, នាឡិកាដៃមួយគ្រឿង និងប្រាក់ចំនួន១៧០០០រៀល។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបញ្ជាក់ថា​ « សាកសពឈ្មោះ សុត ធួក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូខ្លួនឯង» បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើ កំណត់ហេតុប្រគល់ឱ្យទៅឈ្មោះ ងិន សុត ភេទប្រុស អាយុ៦៩ឆ្នាំ ត្រូវជាជីតាបង្កើតរបស់សពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ដោយពុំមានការប្ដឹងផ្ដល់អ្វីឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print