កាសែតគ្រប់គ្រងដោយរដ្ឋចិនបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា ប្រទេសចិនបានទទួលស្គាល់ថា ពិតជាបានដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅលើដែនកោះកំពុងមានជម្លោះ ស្ថិតនៅសមុទ្រចិនភាគខាងត្បូងនោះប្រាកដមែន ។ ការទទួលស្គាល់នេះបានកើតមានខណៈដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកចន ឃើរី បានថ្លែងចោទប្រកាន់ប្រទេសចិនថា បាននិងកំពុងពង្រឹងសកម្មភាពយោធានៅក្នុងតំបន់ប្រកបដោយុទ្ធសាស្ត្រយ៉ាងសំខាន់មួយនេះ ។
ទាំងសហរដ្ឋអាមេរិក និងតៃវ៉ាន់ សុទ្ធតែបានអះអាងបញ្ជាក់ថា ប្រទេសចិនបានដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលស្ថិតនៅលើដែនកោះ Woody ជាដែនកោះមួយស្ថិតនៅប្រជុំដែនកោះបារ៉ាសែល ។ ទីភ្នាក់ងារព័ត៌មាន Fox News បានផ្សព្វផ្សាយដែរថា ប្រព័ន្ធកាំជ្រួចមីស៊ីលបាញ់ចេញពីផ្ទាល់ដីទៅលើលំហរអាកាសត្រូវបានចិនដាក់ពង្រាយកាលពីសប្តាហ៍កន្លងមក ។
ទីក្រុងប៉េកាំងបានប្រកាសគ្រប់គ្រងដែនកោះបារ៉ាសែលស្ទើរទាំងស្រុង ។ ប៉ុន្តែទោះបីយ៉ាងណា ប្រទេសវៀតណាម និងកោះតៃវ៉ាន់បានទាមទារតំបន់ត្រួតស៊ីគ្នាជាមួយទីក្រុងប៉េកាំងនៅតំបន់សមុទ្រចិនខាងត្បូងផងដែរ ។ ប្រទេសចិនបានគ្រប់គ្រងដែនកោះវៀតណាមយ៉ាងច្រើនតែក្នុងរយៈពេលមួយយ៉ាងខ្លីប៉ុណ្ណោះ អំឡុងពេលប្រយុទ្ធយ៉ាងបង្ហូរឈាមមួយមុនឈានទៅដល់ការចប់សង្គ្រាមនៅវៀតណាមនោះ ។
ទីភ្នាក់ងារព័ត៌មាន Global Times មានភាពជិតស្និទ្ធជាមួយគណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាចនោះបានផ្សព្វផ្សាយថា ក្រសួងការពារជាតិចិនបានអះអាងថា កាំជ្រួចមីស៊ីលទាំងនោះត្រូវដាក់ពង្រាយនៅលើដែនកោះអស់រយៈពេលជាយូរមកហើយ ។
កាសែតដដែលនេះមិនបានបញ្ជាក់ច្បាស់លាស់នោះឡើយថា តើប្រភេទអាវុធមីស៊ីលបែបណាត្រូវបានដាក់ពង្រាយនៅលើដែនកោះ Woody នោះ ។
ប៉ុន្តែទោះបីយ៉ាងណា ដើម្បីសម្រាលដល់ការចាប់អាម្មណ៍ពីមហាជនអន្តរជាតិទៅលើការដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅលើដែនកោះកំពុងមានជម្លោះនៅពេលនេះ មន្ត្រីក្រសួងការពារជាតិរបស់ចិនបានថ្លែងបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចតែងតែលើកយកមកចុះផ្សាយដដែលជាអាដែលអំពីការដែលថា មានការគំរាមកំហែងពីចិននោះ ។
ទីភ្នាក់ងារព័ត៌មាន Global Times បន្តផ្សព្វផ្សាយថា ប្រទេសចិនមានសិទ្ធិពេញលេញនៅក្នុងការដាក់ពង្រាយអាវុធយុទ្ធភ័ណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ។
ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ដែលជាច្រកផ្លូវសមុទ្រនាំប្រេងចេញ ចូលលំដាប់ទី៣ក្នុងពិភពលោកនោះ បាននិងកំពុងតានតឹងខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសក្រោយពេលប្រទេសចិនបានផ្លាស់ប្តូរដែនថ្មប៉ប្រះទឹកនៅក្នុងប្រជុំដែនកោះស្ព្រ៊ាតលីនោះឲ្យឆ្ពោះទៅកាន់ភាគខាងត្បូងបន្ថែមទៀត ចូលទៅក្នុងដែនកោះសិប្បនិមិត្ត ហើយដែលត្រូវបានចិនប្រើប្រាស់ធ្វើជាបន្ទាយទាហានជើងទឹកប្រកបដោយយុទ្ធសាស្ត្រនោះ ។
ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា សកម្មភាពរបស់ទីក្រុងប៉េកាំងខាងលើនេះបាននិងកំពុងគំរាមកំហែងដល់សេរីភាពក្នុងការធ្វើនាវាចរណ៍នៅតំបន់ប្រកបដោយយុទ្ធសាស្ត្រខាងលើនេះ ហើយបានបញ្ជូននាវាចម្បាំងមួយគ្រឿងរប់ខ្លួន ចូលទៅកៀកដែនកោះដែលកំពុងមានជម្លោះស្ថិតនៅសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានការព្រួយ បារម្ភកាន់ទ្វេឡើង ខ្លាចផ្ទុះអំពើហិង្សាជាយថាហេតុកើតឡើង ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ លោកចន ឃើរី បានបញ្ជាក់ថា មានភស្តុតាងបង្ហាញឲ្យឃើញរាល់ថ្ងៃថា មានការកើនឡើងអំពីសកម្មភាពយោធាពីមួយថ្ងៃទៅមួយថ្ងៃ និងពីរបៀបមួយ ទៅកាន់របៀបមួយផ្សេងទៀត ។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានទទូចថា ខ្លួនមានសិទ្ធិនៅក្នុងការដាក់ពង្រាយប្រព័ន្ធការពារខ្លួននៅក្នុងតំបន់ ។
នៅក្នុងបទវិចារណកថារបស់កាសែត Global Times បានអះអាងថា សកម្មភាពរបស់ចិនបែបនេះ ក៏ព្រោះតែអាមេរិកបានបង្កើនវត្តមានយោធានៅក្នុងតំបន់កាន់តែច្រើននោះផងដែរ ។ ប្រភពបន្តថា «ប្រសិនបើចិនពិតជាបានដាក់ ពង្រាយប្រព័ន្ធមីស៊ីលបាញ់ចេញពីដីឆ្ពោះទៅលើលំហរអាកាសប្រាកដមែននោះ គឺមិនអាចធ្វើឲ្យមានភាពសុខស្រួលដល់ យន្តហោះចម្បាំងរបស់អាមេរិក… ដែលហោះហើរបង្ករឿង នៅក្នុងតំបន់បានឡើយ ។ សម្រាប់យើង ការដាក់ពង្រាយអាវុធយុទ្ធភ័ណ្ឌទាំងនេះ គឺគ្មានអ្វីខុសទាស់នោះឡើយ» ៕
ប្រែសម្រួល៖ ថាច់ យ៉ាត