ភ្នំពេញ៖ យ៉ាងយូណាស់ឆ្នាំក្រោយនេះ អតីតបេក្ខជន កម្មវិធី Cambodian Idol លោក អ៊ាម វន្នី នឹងលេចមុខក្នុងនាមជាតារាចម្រៀងប្រចាំផលិតកម្មក្នុងស្រុកមួយដើម្បីបំពេញក្តីសុបិន្តរបស់ខ្លួននិងស្របតាមការចង់ឃើញរបស់ទូរទស្សនិកជន។ តារាចម្រៀងសំនៀងថ្មមរូបនេះបញ្ជាក់ថា វានឹងលេចជារូបរាងក្រោយពីបញ្ចប់កិច្ចសន្យាជាមួយនឹងស្ថានីយទូរទស្សន៍ហង្សមាស។
លោក អ៊ាម វន្នីនៅតែទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន បើទោះបីជាលោកមិនទទួលបានជ័យលាភីក្នុងកម្មវិធីនេះក្តី។ ក្រោយធ្លាក់ពីកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ អ៊ាម វន្នីមិនដែលបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ហង្សមាសដូចបណ្តាបេក្ខជនផ្សេងៗទៀតនោះទេ។ ទោះជាយ៉ាងណាតារាចម្រៀងរូបនេះបានបង្ហាញវត្តមានក្នុងកម្មវិធីប្រគុំតន្ត្រីជាច្រើននៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ ក្រៅពីបង្ហាញខ្លួនលេវេទិការតន្ត្រី លោកក៏បានបញ្ចេញនូវបទចម្រៀងថ្មីៗដែលជាស្នាដៃនិពន្ធថ្មីរបស់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គមបែបទំនើបផងដែរ។
តារាចម្រៀងវ័យ២៦ឆ្នាំរូបនេះបញ្ជាក់ថា លោកនៅតែរីករាយចំពោះអ្វីដែលលោកទទួលបានពីការងារសិល្បៈបច្ចុប្បន្ន។ លោកបន្តថា ឆ្នាំក្រោយនេះលោកនឹងសម្រេចចិត្តជ្រើសរើសផលិតកម្មមួយក្នុងចំណោមផលិតកម្មមួយចំនួនដែលទាក់ទងលោកឲ្យទៅច្រៀង។ លោកថា ដោយសារជាប់កិច្ចសន្យាជាមួយស្ថានីយទូរទស្សន៍ទើបលោកពន្យាពេលក្នុងការចូលច្រៀង ប៉ុន្តែមួយរយៈណពេលនេះលោកនៅតែទទួលការងារសិល្បៈមួយចំនួនជាបន្តបន្ទាប់ហើយលោកក៏ត្រៀមក្នុងការចេញបទចម្រៀងមួយអាល់ប៊ុមនៅពេលដ៏ខ្លីខាងមុខនេះផងដែរ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ លោកនៅមិនបញ្ជាក់អំពីឈ្មោះផលិតកម្មដែលនឹងត្រូវចូលនៅឡើយ ប៉ុន្តែលោកនៅតែរក្សាជំហរក្នុងការចូលច្រៀងដដែលគឺមិនច្រៀងបទចម្លងពីបរទេសនោះទេ គឺបទចម្រៀងត្រូវតែជាបទដែលនិពន្ធដោយកូនខ្មែរហើយលោកមិនប្រកាន់ថាជាបទដែលនិពន្ធដោយខ្លួនឯងឬអ្នកនិពន្ធណាម្នាក់ទេ។ លោកថាការដាក់លក្ខខណ្ឌនេះគឺក្នុងគោលបំណងលើកទឹកចិត្តអ្នកនីពន្ធបទចម្រៀងថ្មី ដែលជាថ្នែកមួយក្នុងការជួយលើកកម្ពស់សិល្បៈខ្មែរ។ ថ្មីនេះលោកទើបនឹងបញ្ចប់ការនិពន្ធបទចម្រៀងថ្មីៗចំនួន៦បទ ហើយលោកនឹងបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកអំឡុងមុនពេលចូលឆ្នាំថ្មី។
អតីតបេក្ខជនCambodian Idol មកពីខេត្តបាត់ដំបងរូបនេះទទួលបានការចាប់អារម្មណ៍ច្រើនជាមួយនឹងទឹកដមសំឡេង និងការច្រៀងបទចម្រៀងថ្មីដែលនិពន្ធដោយខ្លួនលោកផ្ទាល់។ ទោះបីជាយ៉ាងណាលោកបានធ្លាក់ពីកម្មវិធីបន្តផ្ទាល់នាសប្តាហ៍ទី៧របស់កម្មវិធី។ បទចម្រៀងថ្មីដែលតារាចម្រៀងរូបនេះទទួលបានការចាប់អារម្មណ៍ខ្ពស់ពីមហាជនមានបទ «ស្អប់ស្នេហ៍ដំបូង» និង «ខ្ញុំជាអ្នកខេត្តបាត់ដំបង» ជាដើម។ បទចម្រៀងមួយបទមានចំណងជើងថា”ក្រោមមេឃតែមួយ”ត្រូវបានលោកលើកយកមកច្រៀងក្នុងពិធីផ្តល់ឈាមផ្តល់ក្តីស្រលាញ់កាលពីថ្ងៃទី១៤កុម្ភៈទទួលបានការគាំទ្រច្រើនពីអ្នកចូលរួមទស្សនា។
លោកបញ្ជាក់ថាវាគឺជាបទដែលលោកនិពន្ធឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាះពលរដ្ឋកម្ពុជាដែលនិយមរួមគ្នាជួយសល់សង្គម ហើយបទនេះលោកតែងតែលើកយកមកច្រៀងក្នុងកម្មវិធីសង្គមមួយចំនួនផងដែរ។ ក្រៅពីការច្រៀងលោកក៏មានគម្រោងក្នុងការរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌មួយនៅពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ វឌ្ឍនា