ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ហ៊ុល ប៊ុនធឿន មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីលោកបានជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ កាលពីវេលាម៉ោង២៣ និង៤០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦យប់មិញ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោកលន់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពពីមិត្តភក្តិជាមេបញ្ជាការរងដូចគ្នាដែលបើកអមដំណើរពីក្រោយបានអោយដឹងថា លោក ហ៊ុល ប៊ុនធឿន បានជិះរថយន្តកាមរីឆ្នាំ៩៣ចង្កូតស្តាំពណ៌ស បើកបរចេញពីទីរួមខេត្តដើម្បីចូលទៅក្នុងបន្ទាយកងពលវិញ។ តែមកដល់ចំនុចកើតហេតុស្រាប់តែទៅបុកជារថយន្តយីឌុបដឹកដំឡូងមីបណ្តាលអោយរថយន្តដឹកដំឡុងនោះក្រឡាប់ចាក់ដំឡូងគ្របពីលើរថយន្តតូចដែលលោកជិះ។
ក្រោយកើតហេតុប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ចបាននាំគ្នាកាយគំនរដំឡូងនោះចេញដើម្បីជួយសង្គ្រោះលោក ហ៊ុល ប៊ុនធឿន តែទំរាំកាយរួច លោកបានស្លាប់ក្រោមគំនរដំឡូងនោះបាត់ទៅហើយ។
សមត្ថកិច្ចបានឃាត់រក្សាទុករថយន្តទាំង២ដោះស្រោយតាមផ្លូវច្បាប់ ៕
ដោយ៖ សហការី