ភ្នំពេញ ៖ នារីម្នាក់បើករថយន្តព្រូសមួយគ្រឿងឡើងលើស្ពានអាកាសស្ទឹងមានជ័យ តែមិនប្រយ័ត្នបានជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្ដាលឲ្យបង្កាន់ដៃស្ពានអាកាសរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបែកកង់និងបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តToyota Prius ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BG-4669ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹងបណ្ដាលឲ្យបង្កាន់ដៃស្ពានរងការប្រេះបែកបន្តិចបន្តួច ចំណែករថយន្តបែកកង់និងបែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។ភ្លាមៗនោះម្ចាស់រថយន្តបានចុះពីលើរថយន្តគេចចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕
ដោយ៖ភារ៉ា ដង្កោ