មន្ត្រីបានលើកឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ថា ប្រទេសនេប៉ាល់លែងខ្វះខាតប្រេងសម្រាប់ប្រើប្រាស់ទៀតហើយ បន្ទាប់ពីភាគីឥណ្ឌាចាប់ផ្តើមបង្កើនការផ្គត់ផ្គង់ជាបន្តទៀត ក្រោយពេលជាប់គាំងដោយសារក្រុមបាតុករជនជាតិដើមភាគតិចធ្វើបាតុកម្មបិទផ្លូវនៅតាមបន្ទាត់ព្រំដែនប្រឆាំងតវ៉ាចំពោះសេចក្តីច្បាប់រដ្ឋធម្មនុញ្ញថ្មីនោះ ធ្វើឲ្យផ្អាកការដឹកជញ្ជូនរយៈពេលច្រើនខែកន្លងមក ។
លទ្ធផលផ្លែផ្កាខាងលើនេះបានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីនេប៉ាល់ លោក K.P. Oli បានបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ជួបជាមួយសមភាគីនាយករដ្ឋមន្ត្រីឥណ្ឌា លោកណារ៉េនដ្រា ម៉ូឌី ។ ក្នុងដំណើរទស្សនកិច្ចនេះក៏ជាការជម្រះមន្ទិលសង្ស័យទាក់ទងភាពខុសប្លែកគ្នាក្នុងរដ្ឋធម្មនុញ្ញថ្មីរបស់នេប៉ាល់នោះផងដែរ ។
នេប៉ាល់បានព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ បន្ទាប់ពីប្រទេសនេះបានផ្តួលរបបរាជានិយមដែលក្រាញ់អំណាចរាប់ទសវត្សរ៍កន្លងមក ដោយសង្ឃឹមថា រដ្ឋធម្មនុញ្ញថ្មីនេះនឹងនាំមកនូវស្ថិរភាពនយោបាយជូនប្រជាពលរដ្ឋ ក្រោយទទួលរងការឈឺចាប់ ហែកហួរគ្នាដោយសារសង្គ្រាមស៊ីវិលជាច្រើនឆ្នាំនោះ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញថ្មីនេះមិនបានធ្វើឲ្យក្រុមជនជាតិដើមភាគតិច ជាពិសេសក្រុមសហគមន៍ Madhesi តែម្តងដែលស្ថិតនៅភាគខាងត្បូងនេប៉ាល់នោះ សប្បាយចិត្តឡើយ ។ ដោយសារតែការមិនពេញចិត្តនេះហើយ ទើបនាំឲ្យក្រុមសហគមន៍ជនជាតិដើមភាគតិចនេះកេណ្ឌគ្នាធ្វើបាតុកម្មដោយបិទផ្លូវសំខាន់ៗ នៅតាមច្រកនៃខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសឥណ្ឌា ។ ការធ្វើបាតុកម្មបិទផ្លូវនេះបានធ្វើឲ្យភាគីឥណ្ឌាមិនអាចផ្គត់ផ្គង់ទំនិញ ជាពិសេសប្រេងតែម្តងចូលទៅកាន់នេប៉ាល់បានឡើយ ទើបនាំឲ្យមានកង្វះខាតប្រេង និងឧស្ម័នសម្រាប់ប្រើប្រាស់ ។រដ្ឋាភិបាលនេប៉ាល់បានកែប្រែគោលជំហររបស់ខ្លួន ដោយអនុញ្ញាតឲ្យមានតំណាងក្រុមសហគមន៍ជនជាតិដើមភាគតិច Madhesis កាន់តែច្រើនឡើងមានសំឡេងនៅក្នុងជួរនយោបាយ ក៏ដូចជាសន្យាដោះស្រាយរាល់បញ្ហាស្មុគស្មាញដទៃផ្សេងទៀតជាមួយក្រុមសហគមន៍ជនជាតិដើមភាគតិចទាំងនេះ ។ ការប្តូរជំហរនេះបន្ទាប់ពីមានការពិភាក្សាយ៉ាង ស្រួចស្រាវរវាងរដ្ឋាភិបាលនេប៉ាល់ នឹងក្រុមសហគមន៍ជនជាតិដើមភាគតិច ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមបាតុករបានយល់ព្រមបើកផ្លូវ ឈប់ធ្វើបាតុកម្ម និងអនុញ្ញាតឲ្យរថយន្តធុនធំៗដែលគាំងដំណើររយៈពេលជាង៤ខែកន្លងមកនោះអាចបន្តដំណើរការដឹកទំនិញគ្រប់ប្រភេទពីឥណ្ឌាទៅផ្គត់ផ្គង់ពលរដ្ឋនេប៉ាល់ដូចកាលពីដើមឡើងវិញ ។
លោក Dipak Baral មន្ត្រីសារជីវកម្មប្រេងនេប៉ាល់បានប្រាប់រ៉យទ័រថា នៅពេលនេះយើងទទួលបានការផ្គត់ផ្គង់ប្រេងប្រមាណ៧០ភាគរយមកពីភាគីឥណ្ឌា ។ ការផ្គត់ផ្ទង់ទាំងនេះលែងជាកង្វល់ចំពោះការខ្វះខាតដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសនេប៉ាល់ទៀតហើយ ។
ប្រទេសនេប៉ាល់ធ្លាប់បានចោទប្រកាន់ឥណ្ឌាថា ជាអ្នកគាំទ្រដល់ក្រុមបាតុករដែលធ្វើបាតុកម្មបិទផ្លូវខាងលើនេះផងដែរ ។ ប៉ុន្តែត្រូវរដ្ឋាភិបាលច្រានចោល មិនទទួលយក ៕