វីរុសហ្ស៊ីកាបានក្លាយទៅជាស្រមោលអន្ទោលតាមប្រាណបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋនៅតំបន់អាមេរិកឡាទីន និងនៅលើពិភពលោកទាំងមូល ពិសេសគឺការប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីល ដែលជាប្រទេសមានការឆ្លងរាលដាលនៃវីរុសហ្ស៊ីកាច្រើនបំផុត ។
ប្រទេសគុយបា បានបញ្ចេញកម្លាំងទាហានជួយដល់ប្រជាពលរដ្ឋ ពិសេសគឺការបាញ់ថ្នាំសម្លាប់មូសនៅតំបន់ដែលអាចកកើតមូសបាន។ រដ្ឋាភិបាលប្រទេសគុយបាបានសម្រេចបញ្ជូនកម្លាំងទាហាន៩ពាន់នាក់ ចូលរួមរារាំងការឆ្លងរាលដាលវីរុសហ្ស៊ីកា ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ប្រធានាធបិតីគុយបាលោក រ៉ាអ៊ូលកាស្ត្រូ បានអំពាវនាវដល់ពលរដ្ឋគុយបាទាំងមូលចូលរួមសម្លាប់សត្វមូសដែលនាំមកនូវជំងឺហ្ស៊ីកា។ លោក ក៏បានបញ្ជូនកម្លាំងទាហានប្រមាណ៩ពាន់នាក់ចូលរួមក្នុងសង្គ្រាម«សម្លាប់សត្វមូស» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសហ្ស៊ីកា ។
នៅពេលនេះគុយបាមិនទាន់មានករណីឆ្លងវីរុសហ្ស៊ីកានៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា បើទុកឲ្យវាកើតឡើង ពិបាកទប់ស្កាត់ដូចជានៅក្នុងប្រទេសប្រេស៊ីលជាដើម។ វីរុស្សហ្ស៊ីកាកំពុងរាលដាលយ៉ាងឆាប់រហ័សនៅតំបន់អាមេរិកឡាទីន និងប្រទេសក្នុងតំបន់ការ៉ាប៊ីន។ តាមអង្គការសុខភាពពីភពលោកបានបញ្ជាក់ថា វីរុសហ្ស៊ីកាបានឆ្លងរាលដាលដល់ប្រទេសក្នុងតំបន់អាមេរិកឡាទីនលើកលែងតែប្រទេសកាណាដានិងឈីលីប៉ុណ្ណោះ។
មេដឹកនាំប្រទេសគុយបាលោក រ៉ាអ៊ូលកាស្ត្រូ បញ្ជាក់ថា ពលរដ្ឋគុយបាទាំងមូលចាំបាច់ត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសហ្ស៊ីកា គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ នៅក្នុងតំបន់ដែលមានបរិយាកាសសំណើមងាយស្រួលក្នុងការរស់នៅរបស់សត្វមូស Aedesដែលចម្លងវីរុសហ្ស៊ីកា។
លោក រ៉ាអ៊ូលកាស្ត្រូ ក៏បានបញ្ជូនកម្លាំងទាហាន៩ពាន់នាក់និងប៉ូលិសជាង២០០នាក់ចូលរួមសកម្មភាពកម្ចាត់សត្វមូសកុំឲ្យនាំវីរុសហ្ស៊ីកាចូលក្នុងប្រទេសគុយបា។ កម្លាំងទាហានបានបើកយុទ្ធនាការបាញ់ថ្នាំមូសនៅគ្រប់ទិសទី ចំណែកក្រុមគ្រូពេទ្យក៏បានត្រៀមល្ខណៈជួយដល់ពលរដ្ឋបើមានករណីឆ្លងវីរុសខាងលើ។
រដ្ឋបាលអាមេរិករបស់លោក បារ៉ាក់ អូបាម៉ា គ្រោងចំណាយថវិកា១.៨០០លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសហ្ស៊ីកា។ ក្នុងពេលជាមួយគ្នានេះដែរគណៈកម្មាធិការអូឡាំពិកអាមេរិកបានប្រកាសអនុញ្ញាតឱ្យកីឡាករ កីឡារិនីនិងសម្ព័ន្ធកីឡាបោះបង់បេក្ខភាពចេញទៅប្រកួតកីឡាអូឡាំពិកពិភពលោកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នាខែមិថុនាខាងមុខប្រសិនបើពួកគេខ្លាចជំងឺហ្ស៊ីកា។
ប្រឈមមុខនឹងការរាតត្បាតដូចលាជផ្ទុះនៃវីរុសហ្ស៊ីការដ្ឋាភិបាលអាមេរិកបានប្រកាសបានស្នើសុំទៅកាន់សភាអាមេរិកឱ្យបញ្ចេញថវិកា១.៨០០លានដុល្លារ ជាមូលនិធិបន្ទាន់សម្រាប់យកទៅប្រើប្រាស់ក្នុងកិច្ចការពារនិងជាការប្រយុទ្ធប្រឆាំងនឹងវីរុសហ្ស៊ីកា។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមាននៅថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។
ជាទូទៅវីរុសហ្ស៊ីកាត្រូវបានចម្លងតាមរយៈមូសខ្លាខាំនៅពេលជននោះធ្វើដំណើរទៅកាន់តំបន់អាមេរិកឡាទីន។ ប៉ុន្តែកាលពីសប្តាហ៍មុនអាជ្ញាធរសុខភាពអាមេរិកបានបញ្ជាក់រកឃើញជាលើកទី១នូវករណីឆ្លងវីរុសហ្ស៊ីកាតាមរយៈការរួមភេទ ។
ដូច្នេះក្តីព្រួយបារម្ភនឹងវីរុសហ្ស៊ីកាកាន់តែរីកធំធាត់ជាលំដាប់ ។ ទំនងក្នុងន័យនេះហើយ ទើបបានជាគណៈកម្មាធិការអូឡាំពិកអាមេរិកបានជូនដំណឹងទៅកាន់សហព័ន្ធកីឡា និងអត្តពលិករអាមេរិកទាំងអស់ឱ្យពិចារណានិងធ្វើសេចក្តីសម្រេចចិត្តឱ្យបានមត់ហ្មត់ថាគួរទៅឬមិនទៅចូលរួមប្រកួតកីឡាអូឡាំពិកពិភពលោកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នាខែមិថុនាខាងមុខនេះ។ សម្រាប់គណៈកម្មាធិការអូឡាំពិកអាមេរិក ប្រសិនបើកីឡាករ កីឡាការិនី ឬអត្តពលិកណាមានក្តីព្រួយបារម្ភមិនទុកចិត្តនឹងវីរុសហ្ស៊ីកាមិនគួរធ្វើដំណើរទៅចូលរួមទេ ។
នេះជាការសម្រេចចុងក្រោយនៅក្នុងជំនួបប្រជុំរបស់គណៈកម្មាធិការអូឡាំពិកអាមេរិកក្រោយពីមានហេតុការណ៍ផ្ទុះវីរុសហ្ស៊ីកាកើតឡើងខ្លាំងដែលបង្កក្តីព្រួយបារម្ភក្នុងរង្វង់កីឡាករ កីឡាការិនីនិងជំនួយការមួយចំនួនធំ ។ អាមេរិកកាលក្នុងសម័យកីឡាអូឡាំពិកទីក្រុងឡុងឆ្នាំ២០១២ ជាម្ចាស់ពានរង្វាន់មេដាយមាសច្រើនជាងគេ ។
សូមបញ្ជាក់ថាការប្រកួតកីឡាអូឡាំពិកពិភពលោកនឹងត្រូវចាប់ផ្តើមនៅមិនដល់៥ខែទៀតទេ។គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានទទួលស្គាល់ថាមានក្តីព្រួយបារម្ភយ៉ាងខ្លាំងដែរ តែសង្ឃឹមថាអាចលុបបំបាត់ការរាតត្បាតបានហើយមិនលុបចោលកម្មវិធីកីឡាថ្នាក់ពិភពលោកមួយនេះទេ៕ ម៉ែវ សាធី