ខេត្តតាខ្មៅ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានឆ្លើយតបជុំវិញបណ្តឹងរបស់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ដែលពួកគាត់ពិបាកក្នុងរស់នៅព្រោះតែសំលេងចេញពីឧបករណ៍ទាក់ទាញត្រចៀកកាំ លឺខ្ទរពេញផ្ទះមិនថាយប់រឺថ្ងៃនោះទេ។ក្រោយទទួលបានបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈ Facebook រួចមក ក្រុមការងារប្រតិកម្មរហ័សខេត្តកណ្តាល បានចង្អុលបង្ហាញអោយលោកអធិការនគរបាលក្រុងតាខ្មៅ និងបានចាត់ឱ្យលោកនាយប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ចុះទៅទីតាំងកើតហេតុ។
ដោយការឆ្លើយតបនោះរួមមាន៖ “ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនម្ចាស់គណនី ហ្វេសបុកសុំមិនបញ្ចញឈ្មោះ ដែលបានសរសេរផ្ញើសារចូលក្នុងប្រអប់សារផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ មានខ្លឹមសារថា «សូមគោរពឯកឧត្តម ខ្ញុំបាទសុំឯកឧត្តម ជួយបញ្ហាការចិញ្ចឹមសត្វត្រចៀកកាំដោយចាក់សំឡេងខ្លាំងៗរំខានក្នុងការរស់នៅធ្វើឱ្យប៉ះពាល់អារម្មណ៍ធ្ងន់ធ្ងរដែលមានទីតាំងផ្លូវ១១៥ ខាងលិចស្តុបប្រហែល២០០ម៉ែត្រ គឺបើកសំឡេងខ្លាំងនៅដដែល មិនថាថ្ងៃរឺយប់ទេ ខ្ទរពេញផ្ទះ»។ ក្រោយពីទទួលបានព័ត៌មាននេះ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្តលោកអធិការនគរបាលក្រុងតាខ្មៅបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅចុះដល់កន្លែងទីតាំងផ្ទះដែលប្រជាពលរដ្ឋបានរាយការណ៍ មានទីតាំងស្ថិតនៅក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ចំពោះទីតាំងខាងលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅបានចុះធ្វើការអប់រំណែនាំចំនួន ០៣ លើករួចមកហើយ ប៉ុន្តែនៅតែមានការរាការណ៍ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅជិតនោះថាមានសំឡេងខ្លាំងរំខានដដែល។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចុះធ្វើការអប់រំណែនាំ និងកិច្ចសន្យាគាត់ជាថ្មីម្ដងទៀតដោយឱ្យមានការកែសម្រួលឡើងវិញនូវបច្ចេកទេសសំឡេងទាក់ទាញសត្វត្រចៀកកាំ និងមានការកំណត់ពេលវេលាច្បាស់លាស់។ អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប។ សូមអរគុណ!”៕ដោយ៖សហការី