ខេត្តសៀមរាប៖ លេងល្បែងប្រុសស្រីចំនួន១៤នាក់ រួមទាំងមេការម្នាក់ត្រូវបានសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានធ្វើការឃាត់ខ្លួន ខណៈចូលល្បែងក្នុងកាស៊ីណូគ្មានច្បាប់មួយកន្លែងនៅក្នុងបុរីប្រិមប្រិយចំណែកថៅកែគេចបាត់ ។
ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី២៨ ខែកុម្ភះឆ្នាំ២០១៦ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ក្នុងបុរីប្រិមប្រិយ ។
ស្នងការរងនគរបាលខេត្តសៀមរាបលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា បានថ្លែងប្រាប់ឲ្យដឹងថាប្រតិបត្ដិការនេះក្រោមការបញ្ជាផ្ទាល់ពីអភិបាលខេត្តនិងឈានទៅដល់ការឃាត់មនុស្សប្រុស.ស្រីចំនួន១៤នាក់ រួមទាំងមេការម្នាក់ ព្រមទាំងឧបករណ៍សម្រាប់លេងល្បែងស៊ីសងជាច្រើនទៀតផងដែរ។
លោកបានបន្តថាវត្ថុតាងដកហូតរួមមាន បៀរបាក់ការ៉ាត់៤ បៀរសន្លឹក ១០កេស ទូហ្គេម២៨គ្រឿងនិងទូហ្គេមបាញ់ត្រី៣គ្រឿង រ៉ូឡិច ១គ្រឿង កុំព្យូទ័រ ២គ្រឿង កាមេរ៉ា ៥គ្រឿង រួមនិងសំភារៈផ្សេងៗ មួយចំនួនទៀតដែលត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។ លោកបានបន្តថាចំពោះទីតាំងល្បែងស៊ីសងមួយនេះបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញបានរាយការណ៍មក លោកអភិបាលខេត្តហើយលោកអភិបាលខេត្តបានបញ្ជាឲ្យលោកដឹកនាំកម្លាំង ចុះស៊ើបអង្តេត និងតាមដានស្រាវជ្រាវ ហើយនៅពេលបើកដំណើរការហើយមានភស្តុតាងនោះទើបចូលបង្ក្រាប។
លោកបានបន្ថែមថាកម្លាំងរបស់លោកបានឃ្លាំមើលអស់រយៈពេលប្រមាណជិតមួយសប្តាហ៍ទៅហើយតាំងពីថ្ងៃពួកគេដឹកសម្ភារៈចូលរហូតយប់ថ្ងៃនេះពួកគេបានបើកដំណើរថ្ងៃដំបូង ក៏យើងចុះបង្ក្រាបតែម្តង ដោយសហការគ្នារវាងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ។ទីតាំងនេះពីមុនបើកម៉ាស្សាដល់បែកគំនិតថៅកែនោះក៏សម្រេចចិត្តបើកបនល្បែងស៊ីសងប្រភេទកាស៊ីណូតែម្តង។
សូមបញ្ជាក់ថាប្រតិបត្តិការនេះគឺសមត្ថកិច្ចនៅមិនទាន់ចាប់បានមេក្លោងនិងម្ចាស់កាស៊ីណូមានឈ្មោះអីនៅឡើយទេ៕
ដោយ៖ ជានិរន្ដរ៍