ភ្នំពេញ ៖ សូមបញ្ជាក់និងជម្រាបជូនផងដែរថា, គិតត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រហូតដល់៤៧ទីតាំងហើយ ក្នុងនោះទីតាំងមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន ហើយបញ្ជូនមនុស្សទាំងអស់នោះ ទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល។ សូមពិនិត្យបញ្ជីឈ្មោះទីតាំងនៅខាងក្រោម គឺមានឈ្មោះ ទីតាំង អាសយដ្ឋាន ហើយអ្នកដែលបានពាក់ព័ន្ធ ទៅកាន់ទីនោះ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើតេស្ត ផ្ដល់សំណាក ជាដើម។
ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។
ក្រសួងសុខាភិបាលបន្តថា តាមការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្ដើរ រៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-១៩ នៅតាមទីតាំងនីមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល។
គួរជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ១១៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ក្នុងនោះឆ្លងក្នុងសហគមន៍២០កុម្ភៈ កើនឡើង៩៩ករណី។ ដោយឡែក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ២៥នាក់ និងគ្មានអ្នកជាសត្វឡើយ។
ដោយសារការឆ្លងជាសហគមន៍ កើតមានជាលក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល រដ្ឋាភិបាលបាន បិទសាលាចំនួនពីរសប្តាហ៍ នៅរាជធានីភ្នំពេញនិងខេត្តកណ្ដាល។ ក្រៅពីនោះ រោងភាពយន្ត សារមន្ទីរ វគ្គបណ្ដុះបណ្ដាលផ្សេងៗ ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ៕
ដោយ, សិលា