ក្រុមអ្នកសង្កេតការណ៍បានបញ្ជាក់ថា គណបក្សកុម្មុនីស្តចិនបានដកហូតតួនាទីមន្ត្រីជាន់ខ្ពស់២រូប ពាក់ព័ន្ធអំពីពុករលួយនិងអំពើហិង្សានៅខេត្តស៊ីនជាំងភាគខាងលិច ហើយបានបញ្ជូនពួកគេឲ្យទៅរដ្ឋអាជ្ញាដើម្បីបន្តនីតិវិធីកាត់ក្តីដាក់ពន្ធនាគារ ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដាក់ចេញឲ្យអនុវត្តនូវគោលនយោបាយប្រឆាំងអំពើពុករលួយឲ្យបានដូចភ្លៀងរលឹមរយៈពេលជាង៣ឆ្នាំកន្លងមកហើយ ហើយជាលទ្ធផលរដ្ឋាភិបាលបានរកឃើញមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សកុម្មុយនីស្តរាប់សិបនាក់បានជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ និងបានបញ្ជូនឲ្យរដ្ឋអាជ្ញាវិនិច្ឆ័យទោសដាក់ពន្ធនាគារជាបន្តបន្ទាប់ ។
កាលពីខែកក្កដា ឆ្នាំ២០១៥កន្លងមក អាជ្ញាធរចិនបានប្រកាសបើកការស៊ើបអង្កេតករណីសង្ស័យរំលោភបំពានច្បាប់ ការស៊ីសំណូកសូកប៉ាន់យ៉ាងខ្លាំងពីសំណាក់ លោក Alimjan Maimaitiming អាយុ៥៦ឆ្នាំ អតីតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនប្រចាំនៅខេត្តស៊ីនជាង ដែលជាខេត្តភូមិដ្ឋាន តាំងទីលំនៅយ៉ាងច្រើនក្រាសក្រែលពីសំណាក់ជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ ។
នៅលើគេហទំព័ររបស់គណៈកម្មការកណ្តាលសម្រាប់អធិការកិច្ច(CCDI) បានបញ្ជាក់ថា ការរំលោភបំពាន់វិន័យនោះមានទំហំធំធេង និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កេត្យានុភាពរបស់បក្សកុម្មុយនីស្ត ។
ក្រុមសង្កេតការណ៍បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការចោទប្រកាន់ពីបទឧក្រិដ្ឋមានតាំងពីការបង្កើតបក្ខពួកនិយម ការជំទាស់ទៅនឹងការស៊ើបអង្កេតដើម្បីដំណើរការសំណុំរឿងឧក្រិដ្ឋកម្ម ការបំផ្លិចបំផ្លាញភស្តុតាង ការរំលោភអំណាចរបស់ខ្លួន ព្រមទាំងមានទំនាក់ទំនងផ្លូវភេទមិនប្រក្រតីផងដែរ ។
ប្រវត្តិរូបរបស់លោក Alimjan Maimaitiming បានបង្ហាញឲ្យឃើញថា លោកមានដើមកំណើតមកពីតំបន់ Cherchen ឬដែលគេស្គាល់ថា ជាតំបន់ Qiemo ភាគខាងត្បូងខេត្តស៊ីនជាំងដែលសម្បូរជនជាតិដើមភាគតិចមូល្លីមអ៊ុយហ្គ័ររស់នៅ។ កាលពីមុន លោក Alimjan Maimaitiming ជានិពន្ធនាយកនៃសារព័ត៌មានផ្លូវការ Xinjiang Daily ។
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងមួយទៀតរបស់ក្រុមឃ្លាំមើលអំពើពុករលួយបានបញ្ជាក់ថា លោក Xie Hui ត្រូវបានបក្សកុម្មុយនីស្តចិនដកហូតតួនាទី និងបានប្រគល់ខ្លួនឲ្យទៅរដ្ឋអាជ្ញាដើម្បីវិនិច្ឆ័យទោសដាក់ពន្ធនាគារផងដែរពាក់ព័ន្ធអំពើពុករលួយនោះ ។ លោក Xie Hui អតីតជាប្រធានពន្ធនាគារនៅក្នុងខេត្តស៊ីនជាងពីឆ្នាំ២០១០ដល់ឆ្នាំ២០១៣ និងជាអនុប្រធានការិល័យសន្តិសុខសាធារណៈប្រចាំខេត្តស៊ីនជាងផងដែរ ។
លោក Xie មានអាយុ៥៣ឆ្នាំ ត្រូវដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេតកាលពីខែកក្កដា ឆ្នាំ២០១៥រហូតមក ។ ក្រុមឃ្លាំមើលអំពើពុករលួយបានអះអាងថា លោក Xie ក្រៅពីរំលោភតួនាទីរបស់ខ្លួន និងជាន់ឈ្លីវិន័យបក្ស នៅថែមទាំងស៊ីសំណូកសូកប៉ាន់ទៀតផង ។
ការផ្ទុះអំពើហិង្សាអំឡុងឆ្នាំចុងក្រោយនេះបាននៅក្នុងខេត្តស៊ីនជាង ប្រទេសចិន បានធ្វើឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត ។ រដ្ឋាភិបាលក្រុងប៉េកាំងបានទម្លាក់កំហុសអំពើហិង្សានោះទៅលើក្រុមឧទ្ទាមអិស្លាមជ្រុលនិយម ដែលមានចេតនាបង្កើរដ្ឋឯករាជ្យមួយ ដែលឲ្យឈ្មោះហៅថា East Turkestan ។
បើទោះបីជាបែបនេះក៏ដោយ ប៉ុន្តែក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញបរទេសបានអះអាងថា ដើមចមបណ្តលឲ្យអំពើហិង្សាកើតឡើងនោះគឺដោយសារតែមានការមិនសប្បាយចិត្តក្នុងចំណោមជនជាតិដើមភាគតិចអ៊ុយហ្គ័រ ពាក់ព័ន្ធការគ្រប់គ្រង រិតបន្តឹងជំនឿសាសនា និងវប្បធម៌ប្រពៃណីរបស់ពួកគេពីសំណាក់រដ្ឋាភិបាល ។
រដ្ឋាភិបាលចិនបានច្រានចោលដែលថាមានការគៀបសង្កត់នៅក្នុងខេត្តស៊ីនជាង ។ ខេត្តនេះស្ថិតនៅក្នុងតំបន់ដែលសម្បូរដោយធនធាន និងមានព្រំដែនជាប់ជាមួយអាស៊ីកណ្តាល ។ ទីក្រុងប៉េកាំងបានអះអាងថា ទីនេះប្រឈមការគំរាមកំហែងពីអំពើភេរវកម្ម ៕