អ្នក​ស្លាប់​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​អ៊ី​រ៉ា​ក់​កើន​៣៤​នាក់

ចែករំលែក៖

​មន្ត្រី​សន្តិសុខ​បាន​អះអាង​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ស្ថិត​នៅ​ក្នុង​ពិធី​បុណ្យសព​មួយ​ភាគ​ខាងកើត​អ៊ី​រ៉ា​ក់​ ខេត្ត​ Diyala​ នោះ​បាន​កើន​ដល់​៣៤​នាក់​ហើយ​ ។​ ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត​ មាន​រួម​បញ្ចូល​មេដឹកនាំ​ក្រុម​និកាយ​ស៊ី​អ៊ី​ដ​៧​នាក់​ផង​ដែរ​ ។​

ថ្លែងប្រាប់​ប្រភព​ស៊ី​ន​ហួ​ ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា​ របាយការណ៍​ថ្មី​ចុង​ក្រោយ​ទាក់ទង​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ ក្នុង​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​នៅ​ជិត​តំបន់​ Maqdadiyah​ នោះ​បាន​កើនឡើង​៣៤​នាក់​ និង​រង​របួស​៤៣​នាក់​ ។​
​ប្រភព​បាន​បញ្ជាក់​ថា​ ជន​វាយប្រហារ​គ្រាប់បែក​បាន​លួច​ដាក់​ជាតិ​ផ្ទុះ​នៅ​ក្នុង​អាវ​ដាក់​នៅ​លើ​តង់​ នៃ​ពិធី​បុណ្យសព​មួយ​ស្ថិត​នៅ​ក្នុងភូមិ​ Brishtah​ របស់​ក្រុម​ស៊ី​អ៊ី​ដ​ ស្ថិត​នៅ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ ភាគ​ឦសាន​ទីក្រុង​ប៉ា​ដា​ដ​ ។​ គោលដៅ​វាយប្រហារ​នេះ​គឺ​លោក​ Hashd​ Shaabi​ ដែល​ជា​មេដឹកនាំ​ក្រុម​ស៊ី​អ៊ី​ដដែល​ល្បីល្បាញ​ ហើយ​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព​នោះ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ មាន​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម​ស៊ី​អ៊ី​ដ​៧​នាក់​ផ្សេង​ទៀត​ ។​

​កម្លាំង​សន្តិសុខ​បាន​ប្រកាស​ដាក់​បម្រាម​គោ​ចរណ៍​នៅ​ទីតាំង​ខាងលើ​ និង​នៅ​ទីប្រជុំជន​ផង​ដែរ​ ដើម្បី​ការពារ​ខ្លាច​មានការ​វាយប្រហារ​សា​ជា​ថ្មី​ ។​ អាជ្ញាធរ​ក្នុង​តំបន់​បាន​ប្រកាស​កាន់ទុក្ខ​៣​ថ្ងៃ​ចំពោះ​ហេតុការណ៍​វាយប្រហារ​ខាងលើ​នេះ​ ។​
​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ មួយ​រយៈ​ចុង​ក្រោយ​ត្រូវ​គេ​កត់សម្គាល់​ឃើញ​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ តែងតែ​ធ្វើ​សកម្មភាព​វាយប្រហារ​សំដៅ​ទៅ​ទីតាំង​ដែល​មនុស្ស​កកកុញ​ នៅ​ទីផ្សារ​ ហាង​លក់ទំនិញ​ និង​ព្រះ​វិហារ​ជាដើម​ ។​

​ចាប់តាំងពី​ខែមិថុនា​ ឆ្នាំ​២០១៤​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​គ្រប់គ្រង​តំបន់​ជា​ច្រើន​របស់​អ៊ី​រ៉ា​ក់​ស្ថិត​នៅ​ភាគ​ខាងលិច​ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើងជា​ញឹកញាប់​ ។​

អង្គការសហប្រជាជាតិ​បាន​ចេញ​របាយការណ៍​ស្តី​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​សម្រាប់​ឆ្នាំ​២០១៥​ បាន​សម្លាប់​មនុស្ស​មិន​តិច​២២.៣០០​នាក់​ ។​ អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​វាយប្រហារ​គ្រាប់បែក​នៅ​ក្នុង​ពិធីបុណ្យ​សព​នៅ​អ៊ី​រ៉ា​ក់​ខាងលើ​នេះ​ ។​

​លោក​បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ បាន​ថ្កោលទោស​សកម្មភាព​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​ពិធី​បុណ្យសព​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ Muqdadiya​ ភាគ​ឦសាន​ទីក្រុង​បា​ដាដ​ ហើយ​ដែល​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​ប្រកាស​ទទួលស្គាល់​ថា​ ជា​ទ​ង្វើ​របស់​ក្រុម​ខ្លួន​នោះ​ ។​

​ក្នុង​សេចក្តីថ្លែងការណ៍​ លោក​បាន​ គូ​មូ​ន​បាន​ថ្លែង​ថា​ ការ​វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​នៅ​តាម​ទីផ្សារ​ ព្រះ​វិហារ​ ហាង​លក់ទំនិញ​ និង​ពិធី​បុណ្យសព​ទាំង​អស់នោះ​ជា​វិធី​កំសាក​ និង​ក្នុង​គោលដៅ​បំបែកបំបាក់​សាមគ្គីភាព​របស់​ពលរដ្ឋ​អ៊ី​រ៉ា​ក់​ ។​
​សេចក្តីថ្លែងការណ៍​បន្ត​ថា​ រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ត្រូវ​តែ​ប្រាកដ​ថា​ នឹង​នាំ​ខ្លួន​ជន​វាយប្រហារ​ ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំងនេះ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

image

image

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print