លោកស្រី ហ៊ីឡារី គ្លីនតុន បានទទួលសំឡេងគាំទ្រច្រើនជាងគេនៅក្នុងថ្ងៃបោះឆ្នោតដ៏សំខាន់ Super Tuesday ហើយជាមួយគ្នានេះ មហាសេដ្ឋីអចលនទ្រព្យលោក ដូណាល់ ត្រាំ(Donald Trump) ក៏ទទួលបានសំឡេងគាំទ្រច្រើនលើសលប់ផងដែរ ។
ការបោះឆ្នោតនៅបន្តទៅមុខនៅរដ្ឋដែលនៅសល់ ហើយគេវាយតម្លៃថា លោកស្រី គ្លីនតុនឈ្នះយ៉ាងហោចណាស់ ៦រដ្ឋក្នុងចំណោមរដ្ឋដែលបោះឆ្នោតទាំង ១២។ ក្នុងថ្ងៃបោះឆ្នោតដ៏សំខាន់ថ្ងៃ អង្គារទី ១ ខែមីនា ដែលគេហៅថា ថ្ងៃ «Super Tuesday» លទ្ធផលបឋមបង្ហាញថា បេក្ខជនបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះនៅរដ្ឋយ៉ាងហោចណាស់៥ ខណៈ រដ្ឋនៅសល់កំពុងបន្តបោះឆ្នោតនៅឡើយ ។
សារព័ត៌មានអាមេរិកបានផ្សព្វផ្សាយថា លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះនៅរដ្ឋ Alabama, Georgia , Massachusetts, Tennessee, និង Virginia។ ចំណែកបេក្ខជនបក្សសាធារណរដ្ឋម្នាក់ទៀតគឺលោក ថេត គ្រុស (Ted Cruz) បានទទួលជ័យជម្នះនៅរដ្ឋ Oklahoma និងរដ្ឋដែនដីកំណើតលោក តិចសាស (Texas) ។ ក្រោយលទ្ធផលបង្ហាញហើយនោះ លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់អ្នកគាំទ្រលោក ដែលធ្វើឲ្យលោកទទួលបានជ័យជម្នះនៅរដ្ឋច្រើនបែបនេះ ហើយរដ្ឋដែលនៅសេសសល់មិនទាន់ចេញលទ្ធផលនោះមានដូចជារដ្ឋ Colorado, Minnesota, Vermont និងរដ្ឋ Arkansas។
អ្នកនាំមុខគេនៅក្នុងបក្សប្រជាធិបតេយ្យ គឺអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីឡារី គ្លីនតុន។ ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ Super Tuesday នោះ លោកស្រីបានទទួលជ័យជម្នះនៅរដ្ឋចំនួន ៦ ក្នុងនោះមានដូចជារដ្ឋ Massachusetts, Georgia, Tennessee, Alabama, Arkansas និង Virginia។ ចំណែកគូប្រជែងរបស់លោកស្រី លោក ប៊ឺនី សេនឌឺ ( Bernie Sanders) បានទទួលជ័យជម្នះនៅរដ្ឋចំនួន២ ក្នុងនោះមានរដ្ឋ Oklahoma និងនៅរដ្ឋ Vermont ដែលជាទីកន្លែងកំណើតរបស់លោកតែម្តង។
«Super Tuesday»ជា ថ្ងៃសំខាន់បំផុតសម្រាប់ការប្រកួតប្រជែងរកសំឡេងគាំទ្រក្នុងបក្សក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក។ វាជាសមរភូមិនយោបាយសំខាន់ ព្រោះប្រជាជនអាមេរិកនៅរដ្ឋចំនួន ១២ និងទឹកដីអាមេរិកមួយផងនោះនាំគ្នាបោះឆ្នោតរួមគ្នាក្នុងពេលតែមួយ ៕







