ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នហើយបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរស្របទិសគ្នា ដែលជិះដោយបុរសអ្នករត់ម៉ូតូឌុកម្នាក់ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចក្បែរ មីលីនែរ ថោន KTV តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
បើតាមសាក្សីដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូបង្កម៉ាកស៊ុយសុគីឡេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FK.5178 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅពីត្បួងទៅជើង ក្នុងល្បឿនយ៉ាងលឿនដោយមិនមានការប្រុងប្រយ័យ្ន ខណះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមស៊េរីចាស់ ពណ៌ខ្មៅឆ្នូតលឿង ពាក់ស្លាកលេខ ឍ-7556 ភព1 ដែលជិះដោយបុរសអ្នករត់ម៉ូតូឌុបម្នាក់ ចំពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវជនជិះម៉ូតូបង្កម៉ាកឡេត រងរបួសធ្ងន់ ចំណែកឯបុរសដែលជាអ្នករត់ម៉ូតូឌុបត្រូវរងរបួសស្រាល ។
ក្រោយពេលកើតហេតុ យុវជនដែលជិះម៉ូតូបង្កហេតុហើយរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ រីឯបុរសជិះម៉ូតូរងគ្រោះ ដែលរបួសស្រាលនោះ ត្រូវបានសាច់ញាតិដឹកយកទៅលាងរបួសនៅមន្ទីពេទ្យ។
ក្រោយមកសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង រួចយកម៉ូតូទាំងពីរគ្រឿងនោះ ទៅរក្សាទុកនៅអធិការនគរបាលដ្ឋានខណ្ឌជ្រោយចង្វារងចាំដោះស្រាយតាមក្រោយ៕
ដោយ៖ ព្រែកជ័យ