ខេត្តកំពង់ចាម, នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចិន្តា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។
លោក អភិបាលខេត្តមានប្រសាសន៍ថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្ដេចបានសម្រេចអោយរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ចំពោះអ្នកដែលកំពុងធ្វើចត្តាលីស័កនៅសណ្ឋាគារមេគង្គ ត្រូវយកទៅធ្វើចត្តាឡីស័កបន្តនៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ។
ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាម សម្រេចយកទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
យើងរួមគ្នាអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលគឺ 3កុំ និង3 ការពារ៕
ប្រភព : ទទក