ខេត្តសៀមរាប, នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានរៀបចំពីធីបួងសួង សែនព្រេន សុំសេចក្តីសុខ សូមអោយជនរួមជាតិ បានរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩ ទាំងអស់គ្នា។
លោកបានថ្លែងថា, យើងខ្ញុំសូមឧទ្ទិសរំលឹកដល់ដួងវិញ្ញាណបុព្វបុរសខ្មែរជាគ្រូពេទ្យបុរាណ សូមឲ្យជួយគាំទ្រជាកម្លាំងចិត្ត និងភាពស័ក្តិសិទ្ធិនៃការព្យាបាលដល់អ្នកដែលឆ្លងជំងឺកូវីដ១៩ រីឯអ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺឆ្លងដ៏កាចសាហាវនេះ កុំឲ្យវិលវល់ និងបានទៅទីឋានសុគតិភព។
លោកសូមបួងសួងសុំសេចក្តីសុខជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យជៀសចាកឆ្ងាយពីជំងឺទាំងពួង ជាពិសេសជំងឺកូវីដ-១៩ និងសូមឲ្យព្យាបាលជំងឺដ៏កាចសាហាវនេះ មានប្រសិទ្ធភាព កាត់បន្ថយអ្នករងគ្រោះថ្នាក់ដ៏ជីវិត និងឲ្យមេរោគចង្រៃនេះ វិនាសសាបសូន្យឲ្យអស់។
សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការពារ កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ។
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕
ដោយ, សិលា