ក្រសួងសុខាភិបាលបញ្ជាក់ពី ករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ៥៥ឆ្នាំ​ នីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ នាថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២១​

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ មានអាសយដ្ឋាននៅភូមិក្តីចាស់ ឃុំ ព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:០០នាទីរសៀល។

បុរសខាងលើនេះ បានធ្លាក់ខ្លួនឈឺដោយក្ដៅខ្លួន និងក្អកប្រហែលជា ៣ ទៅ ៤ថ្ងៃមុនស្លាប់ ដោយសភាពកាន់តែធ្ងន់ទៅ ក៏បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០រសៀល ក្នុង ស្ថានភាពមានអាការៈហត់ដង្ហក់ខ្លាំង ដែលជាសញ្ញានៃវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ។ ដោយការសង្ស័យ ក្រុមគ្រូពេទ្យ បាន យកវត្ថុសំណាកទៅវិភាគភ្លាមៗនៅពេលចូលមកដល់មន្ទីរពេទ្យ ហើយលទ្ធផលវិភាគវត្ថុសំណាករបស់គាត់បានបង្ហាញថា មាន វិជ្ជមានវីរុសកូវីដ -១៩ នៅវេលាម៉ោង ២៣:០០យប់នាថ្ងៃដដែល។ ដោយសារស្ថានភាពធ្ងន់ធ្ងរពេកបែបនេះ ក្រុមគ្រូពេទ្យក្រៅពី ផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមភ្លាមៗ តែជាអកុសល ក្នុងរយៈពេលតែកន្លះ ម៉ោងប៉ុណ្ណោះ គាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទៅ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៥៥ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុក សូតសាហាវលឿន និងធ្ងន់ធ្ងរខ្លាំងពេក។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print