ដំណឹង​ល្អនៅថ្ងៃទី៣១ មីនាខាងមុខនេះ! វ៉ាក់សាំងស៉ីណូហ្វាមការពារកូវីដ១៩ ជាជំនួយរបស់ចិន ចំនួន៧០ម៉ឺនដូសនឹងមកដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមការអះអាងពីលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ នៅក្នុងឱកាសអញ្ជើញប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន១.៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិន​ បានបញ្ជាក់ថា​ វ៉ាក់សាំងស៉ីណូហ្វាម (Sinopharm) ការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន៧០ម៉ឺនដូសបន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជារូបនេះ​ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំហ៊ានទី២ ដែលជាជំនួយរបស់ភាគីចិនជូនកម្ពុជា នឹងមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ទាំងនេះបានបង្ហាញយ៉ាងច្បាស់លាស់អំពីទំនាក់ទំនងចិន និងកម្ពុជា»។

វ៉ាក់សាំងស៉ីណូហ្វាម ចំនួន៧០ម៉ឺនដូសបន្ថែម ដែលនឹងមកដល់នៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ គឺជាវ៉ាក់សាំងជំហ៊ានទី២ ដែលមហាមិត្តចិនបានផ្ដល់ជូនកម្ពុជា ខណៈជំហ៊ានទី១ បានមកដល់កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅចំនួន៦០ម៉ឺនដូស។ សរុបមកទល់ពេលនេះវ៉ាក់សាំងដែលជាជំនួយរបស់ចិន ផ្ដល់ជូនរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានចំនួន១លាន៣សែនដូស។

គួរបញ្ជាក់ថា​​ វ៉ាក់សាំងស៉ីណូហ្វាម ចំនួន៧០ម៉ឺនដូសនេះ នឹងត្រូវបែងចែកទៅកាន់ក្រសួងសុខាភិបាល ចំនួន៤០ម៉ឺនដូស និងចំនួន៣០ម៉ឺនដូសទៀត ប្រគល់ជូនក្រសួងការពារជាតិ ដើម្បីចាក់ជូនកងទ័ព និងគ្រួសារកងទ័ពដែលនៅសេសសល់មិនទាន់បានចាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print