មន្ទីរបញ្ចកោណអាមេរិកបានលក់ គ្រាប់បែកឆ្លាតវៃឱ្យទៅប្រទេសទួរគី ដើម្បីប្រឆាំងទៅនឹងក្រុមបះបោរនៅជិតព្រំដែនប្រទេសអ៊ីរ៉ាក់។ មន្ទីរបញ្ចកោណ អាមេរិកបានចុះកិច្ចព្រមព្រៀងមាន តម្លៃប្រមាណ៧០០លានដុល្លារក្នុងការ លក់គ្រាប់បែកឆ្លាតវៃឱ្យកម្លាំងទាហានទួរគីក្នុងពេលដែលមានភាពតានតឹងរវាង រដ្ឋាភិបាលទីក្រុងអែនការ៉ានឹងខ្មាន់កាំភ្លើង ជនជាតិឃើដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
កិច្ចព្រមព្រៀងខាងលើមានសារសំខាន់ យ៉ាងខ្លាំងចំពោះរដ្ឋាភិបាលនិងកម្លាំង ទាហាប្រទេសទួរគីក្នុងពេលដែលប្រទេស នេះកំពុងតែដាក់ពង្រាយកម្លាំងប្រឆាំង ក្រុមជនជាតិឃើដនៅជាប់ព្រំដែនប្រទេស អ៊ីរ៉ាក់។ ក្នុងចំណោមគ្រាប់បែកដែល លក់ទៅឱ្យប្រទេសទួរគីគឺមានគ្រាប់បែកបំផ្លាញរូងក្រោមដី BLU-109 ផងដែរ។ មន្ទីរបញ្ចកោណអាមេរិកបញ្ជាក់ថា គ្រាប់បែកខាងលើបានរក្សាទុកនៅក្នុងឃ្លាំងតាំងពីឆ្នាំ១៩៨៥ហើយធ្លាប់បាន ប្រើប្រាស់នៅក្នុងសង្គ្រាមប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។
គ្រាប់បែកខាងលើបានផ្ទុករំសេវផ្ទុះ Trional ២៤៩,៤៨គីឡូក្រាមដោយមាន ការលាយជាមួយរំសេវ TNT ដល់ទៅ ៨០ភាគរយនិងជាតិអាលុយមីញ៉ូម២០ភាគរយទៀតផង។ គ្រាប់បែកខាងលើ មានបំពាក់ឧបករណ៍ស្វ័យប្រវត្ដិនិងកំណត់ ពេលវេលានៅពេលដែលបានទៅដល់ គោលដៅគ្រាប់បែកនោះនឹងផ្ទុះបំផ្លាញទីតាំងទាំងស្រុងតែម្ដង។
គ្រាប់បែកដែលអាមេរិកលក់ឱ្យទួរគីនោះមិនត្រឹមតែប្រើប្រាស់សម្រាប់ប្រឆាំង ជនជាតិឃើដនៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុណ្ណោះទេគឺនៅក្នុងព្រំដែនប្រទេសស៊ីរី ផងដែរ។ កន្លងមកទួរគីទទួលរងការ ចោទប្រកាន់ពីរុស្ស៊ីបានបានបំពានបទឈប់បាញ់នៅក្នុងប្រទេសស៊ីរីដោយទួរគីនៅតែបន្ដវាយប្រហារទៅលើក្រុមឧទ្ទាម នៅក្នុងទឹកដីស៊ីរីដដែល ។
ក្នុងចំណោមការបំពានបទឈប់បាញ់ទួរគីជាអ្នកបំពានខ្លាំងបំផុត។នៅក្នុងខេត្ដ Raqqa ក្រុមទាហានទួរគីដែលមាន កម្លាំងទាហានប្រមាណ១០០នាក់ឆ្លង ចូលព្រំដែនស៊ីរីក្រោយមកក៏មានកម្លាំងរថក្រោះដោយមានទាហាន២៥០នាក់ ទៀតចូលទៅស៊ីរី ។
ក្នុងពេលជាមួយគ្នានេះដែរប្រទេស អារ៉ាប៊ីសាអ៊ូឌីតបានប្រកាសថា មិន ត្រឹមតែប្រទេសទួរគីនិងក្រុមទាហានរបស់ ប្រធានាធិបតីអាល់អាសាដនោះទេដែលបំពានលើច្បាប់ឈប់បាញ់ទីក្រុងមូស្គូក៏បំពានដូចគ្នា ។
រដ្ឋមន្ដ្រីការបរទេសអារ៉ាប់បានបញ្ជាក់ ថា ប្រសិនបើ ទីក្រុងដាម៉ាកាស និង សម្ពន្ធមិត្ដរបស់ខ្លួនមិនគោរពច្បាប់ឈប់ បាញ់ដោយយកចិត្ដទុកដាក់នោះគឺមានយុទ្ធសាស្ដ្រថ្មីសម្រាប់ស៊ីរីគឺមិនមាន លោកអាល់អាសាដដឹកនាំទៀតឡើយ។
ក្នុងពេលនេះរុស្ស៊ីបានស្នើឱ្យអាមេរិកបកស្រាយពីសកម្មភាពរបស់សម្ពន្ធ មិត្ដដែលបំពានលើច្បាប់ឈប់បាញ់នៅក្នុងប្រទេសស៊ីរី។ ក្រុមអ្នកវិភាគបញ្ជាក់ ថាទួរគីកំពុងតែធ្វើឱ្យអាមេរិកជួបផលលំបាកក្រោយអាមេរិកនិងរុស្ស៊ីឈាន ដល់កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី ៕ ម៉ែវ សាធី