អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទទី២៩ ខែមីនា ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងប៉ារីស) បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ទៅលើអំពើហិង្សាបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានអន្តរជាតិចាត់ទុកជាថ្ងៃ ដែលមានការបង្ក្រាបយ៉ាងឃោរឃៅបំផុតនោះ។ ខណៈដែលកងកម្លាំងសន្តិសុខ នៃរបបយោធាបានបាញ់សម្លាប់ បាតុករច្រើនជាង ១០០នាក់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីរដ្ឋមន្ត្រីការបរទេសបារាំង លោក ឡឺ ទ្រីយ៉ុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដើរដល់ដំណាក់កាលថ្មីមួយ ក្នុងការប្រើអំពើហិង្សាយ៉ាងងងឹតងងល់ និងបង្ហូរឈាម… ហើយជាថ្មីម្ដងទៀតពួកគេបានប្រើប្រាស់អាវុធ ប្រឆាំងនឹងប្រជាជន ដោយសម្លាប់មនុស្សច្រើនជាង ១០០នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ»។
ជាមួយគ្នានេះ លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ុង ក៏បានអំពាវនាវផងដែរ ឱ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់ការប្រើប្រាស់ហិង្សា និងដោះលែងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ នូវអ្នកដែលកំពុងជាប់ឃុំ និងចាប់ផ្ដើមកិច្ចសន្ទនាឡើងវិញជាបន្ទាន់។
សូមជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់មនុស្សយ៉ាងហោច ១១៤នាក់ ក្នុងនោះមានទាំងកុមារ ០៧នាក់ ដែលប្រការនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ កើនដល់ច្រើនជាង ៤៥០នាក់ ចាប់តាំងពីមានបាតុកម្មតវ៉ា ប្រឆាំងរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមក។
គួរបញ្ជាក់ថា ទាក់ទិននឹងបញ្ហានេះដែរប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន កាលពីថ្ងៃទី២៨ ខែមីនាថ្មីៗនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋ Delaware ដោយលើកឡើងថា វាពិតជាអាក្រក់ណាស់។ លោកបៃឌិន គូសបញ្ជាក់យ៉ាងដូច្នេះថា៖«វាពិតជាសាហារយង់ឃ្នងណាស់ ដោយផ្អែកលើរបាយការណ៍ដែលខ្ញុំបានទទួល»។ លោក បន្ថែមថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ដោយឥតប្រយោជន៍។ ទាំងនេះជាការឆ្លេីយតបទៅនឹងករណីស្លាប់ដ៏ច្រើនបំផុត ទេីបអាមេរិកបានចេញមកថ្កោលទោសជាថ្មីម្តងទៀត។
ដោយឡែកជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានរិះគន់ករណីស្លាប់ចំថ្ងៃទិវាកងទ័ពនេះដែរ។ ដោយលោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ លោក បានចាត់ទុកទង្វើរបស់យោធាមីយ៉ាន់ម៉ា គឺជារឿងមិនអាចទទួលយក ព្រោះរបបសឹក បានបាញ់សម្លាប់ប្រជាជនខ្លួនជាច្រើននាក់។ លោកប្រធានគោលនយោបាយការបរទេស នៅខាងក្រៅនៃការប្រារព្ធទិវាកងទ័ព ក្រុមយោធាបានធ្វើរឿងគួរឱ្យតក់ស្លុត និងគួរឱ្យអាម៉ាស់យ៉ាងខ្លាំង៕ដោយ៖ស តារា