ភ្នំពេញ៖ ខ្សែភាពយន្តបែបកំប្លែងថ្មីរបស់ផលិតកម្ម មហាហង្សរឿង “៣០ថ្ងៃ”បានប្រកាសបើកដំណើរការផលិតហើយនៅព្រឹកថ្ងៃទី៤មីនានេះ។ តារាសម្តែង តារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបត្រូវបានរួមគ្នាសម្តែងក្នុងខ្សែភាពយន្តនេះដើម្បីប្រាកដថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលដាក់បញ្ចាំងនៅរោងភាពយន្តនាពេលខាងមុខនេះ។
តួឯកស្រីត្រូវបានធ្លាក់ទៅលើ ពិធីការិនីរូបស្រស់សោភា អ្នកនាងសុខ សោម៉ាវត្តី ហើយតួឯកប្រុសគឺលោក ជា សុវណ្ណនារាហ៍ ខណៈដែលតួអង្គសំខាន់ៗមួយចំនួនទៀតដូចជានាយគ្រឿន ,កញ្ញា យ៉ែមស្រីពេជ្រ, លោក ងួន សុវបិន្ត,លោក រ៉េត បូរ៉ា ,លោក ជា សំណាង,កញ្ញា ពេជ្រ ម៉ារីដា, ផេនខេក ,យេយេ, លោក ហេង ស៊ីម៉ន, កញ្ញា ផាន់ផាភួង, កុមារី អាង សុជាតា, លោក ម៉ានីល, អ្នកស្រី សម្ភ័ស ប៊ុនសុន, លោក អូន ឧស្សាហ៍ ,លោក លឹម រដ្ឋា និងតារាកិត្តិយសជាច្រើនដួងទៀត។
អ្នកនាង សុខ សោម៉ាវត្តី បានប្រាប់ ថានាងមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងនៅពេលបានចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំ“រឿ៣០ថ្ងៃ” ជាខ្សែភាពយន្តខ្មោចបែបកំប្លែងសើចសប្បាយភ័យរន្ធត់តក់ស្លុត តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ នាងដើរតួជាស្រីស្អាតម្នាក់មានឈ្មោះថា អេនជែល ដែលបានរៀនចប់មកពីក្រៅប្រទេស មានចរិកលេងសើចពូកែឌឺដងជាមួយតួឯកប្រុសលោក ជា សុវណ្ណនរាហ៍ មានឈ្មោះ ប៊យ។
លោក ជុំ វិចិត្រ អ្នកដឹកនាំរឿង ”៣០ថ្ងៃ” មានប្រសាសន៍ថារឿងនេះនិយាយអំពី មានបុរសសង្ហារម្នាក់បានរៀនចប់ពីបរទេស ហើយមកបើកក្រុមហ៊ុនមួយនៅទីក្រុងភ្នំពេញ និងមានបុគ្គលិកចំនួន ៦នាក់ មានស្រី មានប្រុស។ ហើយបានជួលផ្ទះមួយ សម្រាប់បើកក្រុមហ៊ុន។ តែផ្ទះនោះមានខ្មោច ដោយមិនមានអ្នកណាហ៊ាន មកជួល និងរស់នៅក្នុងផ្ទះនោះទេ។ រឿងនេះ ពោរពេញទៅដោយ លងបន្លាច ភ័យរន្ធត់ សើចកំប្លែង និងជាពិសេសទៅទៀតនោះ រឿងនេះបានបង្កប់ ការអប់រំយ៉ាងច្រើនផងដែរ។ រឿងនេះគម្រោងនឹងចាក់បញ្ចាំងក្នុងអំឡុងខែ ១០ទៅខែ១១ ចំរដូវកាលបុណ្យអ៉ុំទូក។
លោក បន្តទៀតថា រឿង “៣០ថ្ងៃ”នេះ បានជាស្នាដៃនិពន្ធថ្មី សាច់រឿងថ្មី និពន្ធយ៉ាងផ្ចិតផ្ចង់ និងយកចិត្តទុកដាក់បំផុត ដើម្បីអោយទស្សនិកជនទស្សនាប្លែកអារម្មណ៍ ហើយ រឿងនេះនឹងមានទាក់ទាញយ៉ាងខ្លាំង។លោកបន្តថារឿង “៣០ថ្ងៃ” នឹងចាប់ផ្តើមថត បន្ទាប់ពីពិធីក្រុងពាលីនេះហើយ ដែលទីតាំងនៃគារថតមានដូចជា វត្តគៀនឃ្លំាង បុរីសុភមង្គល និងនៅទីក្រុងភ្នំពេញ។ លោកបញ្ជាក់ដែរថា ខ្សែភាពយន្តខ្នាត រឿង “៣០ថ្ងៃ” នេះនឹងចំណាយប្រមាណពី ៤ ទៅ ៥ ម៉ឺនដុល្លារអាមេរិក ៕
ដោយ៖ វឌ្ឍនា