ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន៦នាក់ត្រូវកម្លាំងនគរបាលខេត្ត និង ក្រុងសហការគ្នា ធ្វើការចាប់ឃាត់ខ្លួនបន្ទាប់ពីរកឃើញថា យុវជនទាំងនេះបានធ្វើសកម្មភាពប្រើប្រាស់និងចែកចាយថ្នាំញៀន ។ការបង្ក្រាបគ្រឿងញៀននេះធ្វើឡើងនៅម៉ោង២និង៣០នាទី រសៀលថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៦ នៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច បានអោយដឹងថាៈ បក្ខពួកទាំង៦នាក់ដែលធ្វើការចាប់ខ្លួនេះ ១.ឈ្មោះ ផៃ សុមាលី អាយុ២៨ឆ្នាំ ជាម្ចាស់ផ្ទះ ២.ឈ្មោះ មាស ប៊ុនរក្ស អាយុ២៦ឆ្នាំ ៣.ឈ្មោះ ឡាយ ចាន់រស្មី អាយុ២៣ឆ្នាំ ៤.ឈ្មោះអឹម ផល្លា អាយុ២៦ឆ្នាំ ៥.ឈ្មោះ ចិ សុបិន អាយុ២៤ឆ្នាំ និង៦.ឈ្មោះ តាំង ង៉ូវហេង ១៨ឆ្នាំ ពួកគេមានទីលំនៅ ភូមិទី៧ សង្កាត់ខ្សាម។
សមត្ថកិច្ចបានបន្តអោយដឹងថា ក្រោយពីប្រជាពលរដ្ឋបានផ្តល់ព័តមានស្តីពីសកម្មភាពនៃការប្រើប្រាស់ចែកចាយថ្នាំញៀន របស់យុវជនទាំង៦នាក់នេះ កម្លាំងសមត្ថកិច្ចនគរបាលក្រុងនិងខេត្ត បានសហការគ្នា ព័ទ្ឋចាប់ជនសង្ស័យទាំង៦នាក់ខាងលើ ដែលកំពុងចែកចាយនិងប្រើប្រាស់ថ្នាំញៀន នៅក្នុងផ្ទះឈ្មោះ ផៃ សុមាលី ។ ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញនូវវត្ថុតាងថ្នាំញៀនម៉ាទឹកកក ១កញ្ចប់ធំ គ្រាប់ថ្នាំផ្កាឈូក៧គ្រាប់ ជាប្រភេទថ្នាំញៀន W.Y ។ លុយខ្មែរជាង២០ម៉ឺនរៀល និងលុយ៤៣ដុល្លាអាមេរិច ទូរសព្ទ័ដៃ៥គ្រឿង ម៉ូតូ១គ្រឿង និងឧបករណ៏សម្រាប់ជក់មួយចំនួនទៀត ។
ជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចការិយាយល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត កសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។ចន្ថា







